ព័ត៌មានជាតិ

កម្ពុជា-ទីម័រខាងកើត ចុះអនុស្សរណៈយោគយល់គ្នាលើ «កិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្រ្ត»

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី «កិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្ត្រ» រវាងក្រសួងអប់រំខ្មែរ និងក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ ទីម័រខាងកើត ដឹកនាំដោយលោក JOSÉ HONÓRIO DA COSTA PEREIRA JERÓNIMO រដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ ទីម័រខាងកើត។

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្ត បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងភាពជាដៃដើម្បីលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ឲ្យកាន់តែរីកចម្រើន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរបទពិសោធន៍ និងការចល័តរបស់សិស្ស លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកសិក្សា ការបោះពុម្ពផ្សាយការសិក្សាស្រាវជ្រាវក្នុងវិស័យអប់រំ ការទទួលស្គាល់សញ្ញាបត្រគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរអាហារូបករណ៍ទ្វេភាគី ក៏ដូចជាការស្រាវជ្រាវរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា ក្នុងគោលដៅគាំទ្រដល់ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាឆ្លើយតបយ៉ាងប្រសើរទៅនឹង ផែនការយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដែលកំណត់យកការ អភិវឌ្ឍន៍មូលធនមនុស្សជាការងារអាទិភាព។

ក្រសួងអប់រំ បាននិងកំពុងអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្ដោតលើ ការលើកកម្ពស់គុណភាពនៃការរៀន និងបង្រៀននៅគ្រប់កម្រិត ការបញ្ចូលចំណេះជំនាញសតវត្សទី ២១ ចំណេះដឹងបច្ចេកវិទ្យាដែល កំពុងរីកចម្រើនមិនឈប់ឈរ ដូចជា AI និងមនុស្សយន្ត ការតភ្ជាប់ជាសកល នូវសមត្ថភាពដោះស្រាយបញ្ហា ប្រសិទ្ធភាព ភាពងាយស្រួល និង ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃឧស្សាហកម្ម ដើម្បីបំពេញតាមតម្រូវការ ទីផ្សារការងារនាពេលអនាគត ឈានទៅសម្រេចគោលដៅចក្ខុវិស័យ ប្រែក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០៕

To Top