ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាមឲ្យមកវិនិយោគនៅកម្ពុជាបានច្រើនបន្ថែម ពិសេសនៅរាជធានីភ្នំពេញ ដើម្បីឲ្យសេដ្ឋកិច្ចនៃប្រទេសទាំង២ កាន់តែរីកចម្រើនទៀត ។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងឱកាសជួបសំណេះសំណាលជាមួយលោក ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គៀនយ៉ាង ចូលជូនពរក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃ១០មេសា នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង លើកឡើងថា វៀតណាមបានជួយរំដោះកម្ពុជាឲ្យចេញពីរបបប៉ុលពត ហើយបច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍរីកចម្រើនរុងរឿង ចំណែកវៀតណាម ក៏មានសេដ្ឋកិច្ចប្រសើរឡើងផងដែរ ។ កម្ពុជានិងវៀតណាម មានសាមគ្គីភាពគ្នារឹងមាំ ទោះក្នុងដំណាក់កាលណាក៏ដោយ ក៏នៅតែរួមសុខរួមទុក្ខជាមួយគ្នារហូត។ ខេត្តគៀនយ៉ាង បានចងសម្ព័ន្ធភាពសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ ការចងសម្ព័ន្ធមេត្រីភាពនេះ បានពួនជ្រុំសាមគ្គីភាព រវាងទីក្រុងទាំងពីរកាន់តែមានភាពរឹងមាំ។ ជាធម្មតាប្រទេសកម្ពុជា-វៀតណាម ឲ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីម្តងៗតែងតែចាត់ប្រតិភូជូនពរគ្នាទៅវិញទៅមក មិនដែលខកខានឡើយ ។
លោកបន្តថា នេះពិតជាបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អនិងរឹងមាំ រវាងប្រទេសទាំងពីរ នឹងបន្តសាមគ្គីភាពឲ្យកាន់តែគង់វង្ស រឹងមាំបន្ថែមទៀត ជាមួយនឹងការបន្តផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹងនិងបន្តទំនាក់ទំនងជាប្រពៃណីល្អបន្តទៅថ្ងៃអនាគត ដ៏យូរអង្វែងទៀត។
លោក ឃួង ស្រេងថា តាមគោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺបន្តពួនជ្រុំ មិត្តភាព រឹតចំណងសាមគ្គីភាព ជាមួយវៀតណាមកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ ។ ទន្ទឹមនឹងនេះ កម្ពុជាពិតជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក ម៉ាយ វាំង ហ្វិញ បានលើកឡើងថា ការជួបសំណេះសំណាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ដើម្បីបង្ហាញពីការរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំង២ កាន់តែរឹងមាំនិងខ្លាំងក្លាបន្ថែមទៀត ពិសេសរាជធានីភ្នំពេញនិងទីក្រុងគៀងយ៉ាង។
លោក ម៉ាយ វាំង ហ្វិញ បន្តថា រាជធានីភ្នំពេញក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសកម្ពុជា មានផ្លូវល្បឿនលឿន ដែលនេះបង្ហាញឲ្យឃើញពីការដឹកនាំដ៏ល្អរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននិងកំពុងអភិវឌ្ឍន៍កម្ពុជា ឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត៕