ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីទៀត នៅព្រឹកថ្ងៃទី១០ មេសានេះ បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៤ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ២០២៤ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។
លោល ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លើកឡើងថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាកិច្ចការអាទិភាព។ ក្នុងនោះលោកអភិបាល បានណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌទាំង១៤ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្កីភ័យបើមានការធ្វេសប្រហែស។
លោកបន្តថា ភ្លើងឆេះស្រួល តែពន្លត់វិញលំបាក ដូច្នេះត្រូវយកចិត្តទុកដាក់បង្ការទុកជាមុនពីគ្រោះអគ្គិភ័យ កុំឲ្យកើតមាននៅពេលអាកាសធាតុ កំពុងក្តៅខ្លាំងត្រូវនឹងរដូវចូលឆ្នាំថ្មីថែមទៀត។
លោក ឃួង ស្រេង បានជំរុញអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយរឿងណាដែលកើតឡើងទាន់ពេល ព្រោះរឿងខ្លះតូចពិតមែន តែអាចក្លាយជាអគ្គិភ័យបាន និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យមានការធ្វើការរួមគ្នា ដោយបែងចែកកំលាំងល្បាតទាំងថ្ងៃទាំងយប់ ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ឈានទៅដណ្តើមយកជ័យលាភីលើការរៀបចំសង្ក្រាន្ត និងមានសណ្តាប់ធ្នាប់ល្អ។
ជាមួយគ្នានេះ លោក មាន ចាន់យ៉ាដា និងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលទទួលការងារសន្តិសុខសណ្តាប់ធ្នាប់បានលើកឡើងថា ពាក់ព័ន្ធនឹងសង្ក្រាន្តឆ្នាំនេះថា បានយកចំណុចខ្ពស់ចាប់ពីថ្ងៃទី១២-១៧មេសា មុននឹងក្រោយបុណ្យចូលឆ្នាំ ។ សង្ក្រាន្តឆ្នាំនេះមានលក្ខណៈផុសផុលជាងរាល់ឆ្នាំ ។ ទាំងថ្នាក់រាជធានីភ្នំពេញ , ថ្នាក់ខណ្ឌ និងសង្កាត់ នៅតាមទីតាំងសប្បាយភាពនានាពិសេស នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីបង្កើតទីបញ្ជាការស្រាលតាមទីតាំងសប្បាយភាព៕