ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅអ្នកវិភាគមួយចំនួនថា ក្នុងរយៈពេល ៧២ថ្ងៃមកនេះ ក្រុមការងារចម្រុះ បានចុះធ្វើការងារនៅតំបន់បឹងទន្លេសាប ដូចជា៖ កំណត់ព្រំដី, បោះបង្គោល, ចុះបញ្ជីក្បាលដី ព្រមទាំងទប់ស្កាត់ការទន្ទ្រានដីព្រៃជាដើម។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្នុងឱកាសបិទសន្និបាតរបស់ក្រសួងកសិកម្ម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញគោលការណ៍ឲ្យរៀបចំ ដើម្បីធ្វើកិច្ចការងារ ក្នុងការគ្រប់គ្រងតំបន់បឹងទន្លេសាប។ ជុំវិញបញ្ហានេះ កន្លងទៅ ក៏មានអ្នកវិភាគមួយចំនួន បាននិយាយថា «បាត់បទបញ្ជា នាយករដ្ឋមន្ដ្រី ដាក់ហើយអត់ប្រសិទ្ធភាព ព្រោះស្ងាត់ឈឹង»។
នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅវិញថា វិធីសាស្ដ្រក្នុងគ្រប់គ្រង ឬដោះស្រាយបឹងទន្លេសាប មានច្រើន និងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាមានប្រសិទ្ធភាព។ ដូច្នេះ ការប្រគល់ភារៈកិច្ចជូនអាជ្ញាធរនៅជុំវិញបឹងទន្លេសាប ចំនួន ៧២ថ្ងៃមកនេះ គឺត្រូវធ្វើយ៉ាងណារៀបចំ ធ្វើការកំណត់ព្រំដី ក្នុងពេលជាមួយគ្នានេះ ក៏បានទប់ស្កាត់ការទន្ទ្រានដីព្រៃផងដែរ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ចាប់ពីថ្ងៃដែលខ្ញុំ ប្រកាសនោះមក មកដល់ពេលនេះ ៧២ថ្ងៃ ក្រុមការងារចម្រុះរបស់យើង ដែលខ្ញុំ ប្រគល់ភារៈកិច្ចជូន ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល និងក្រសួងពាក់ព័ន្ធជាច្រើន បូកជាមួយអាជ្ញាធរខេត្តទាំង៦ បានស្រុះគ្នាចុះធ្វើការជាបន្ដបន្ទាប់ ។ ការងារខ្លះមានការបង្ហោះផ្សព្វផ្សាយ ការងារខ្លះ គឺយើងធ្វើជាប់ជាប្រចាំ ទោះបីជាកន្លែងខ្លះ មិនបានផ្សព្វផ្សាយ»។
សម្ដេចធិបតី បន្ដថា «ក្នុងរយៈពេល ៧២ថ្ងៃនេះ យើងធ្វើការងារច្រើន លាយគ្នា ការប្រកាសរបស់ខ្ញុំ ការធ្វើសកម្មភាព គឺយើងបានឃើញ ប៉ុន្ដែការងារភាគច្រើន ដែលក្រុមការងារបានធ្វើនោះ គឺយើងបានផ្ទាល់ទៅដល់មូលដ្ឋាន»។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ដោយសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និង ជំរុញបញ្ចប់ការធ្វើ បច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់២ និង តំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និង ថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស៕