ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា តាមការព្រមានរបស់អង្គការសហប្រជាជាតិ (UN)ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាពនៅលើភពផែនដីនឹង ឡើងក្តៅខ្លាំងបំផុតដែលពុំធ្លាប់ជួបប្រទះពីមុនមក។
សម្ដេចធិបតី បន្ដថា ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវគិតគូរទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែម លើការរៀបចំប្រព័ន្ធស្តុកទុកទឹក សម្រាប់ត្រៀមដោះស្រាយបញ្ហានានា។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តាមការព្រមានជាមុន របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាពនៅលើភពផែនដីនឹង ឡើងក្តៅខ្លាំងបំផុតដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផលនៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និងបាតុភូតឧតុនិយមអែលនីណូ (El Nino) ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះមានភ្លៀងច្រើនពេក និងកន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំងជាដើម។
សម្ដេចធិបតី បានបញ្ជាក់ថា «ក្នុងស្មារតីនេះ ត្រូវសហការ និងគិតគូរទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែម លើការរៀបចំប្រព័ន្ធស្តុកទុកទឹក សម្រាប់ត្រៀមដោះស្រាយបញ្ហានានា ដែលអាចកើតមានជាយថាហេតុ ដើម្បីធានាបាននូវធនធានទឹកគ្រប់គ្រាន់សម្រាប់វិស័យកសិកម្ម និង ការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឲ្យបន្តខិតខំអនុវត្ត ឲ្យបានកាន់តែប្រសើរនូវតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានប្រកបដោយការទទួលខុសត្រូវ មានមនសិការវិជ្ជាជីវៈ និងការច្នៃប្រឌិតខ្ពស់ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នក្រោមឱវាទ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ឲ្យបានកាន់តែប្រសើរឡើងទៀត៕