ព័ត៌មានជាតិ

សម្ដេចធិបតី៖ បច្ចេកវិទ្យាខ្លះ អាចផលិតក្នុងស្រុកបាន ជាពិសេសផ្នែក IT

រូបភាព ៖ ម៉ៅ ដារ៉ាត

តាកែវ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ ផ្នែកបច្ចេកវិទ្យាខ្លះ អាចផលិតក្នុងស្រុកបាន ជាពិសេសផ្នែក IT ឬផ្នែកបច្ចេកវិទ្យាឌីជីថល ខណៈមុន កម្មវិធីគ្រប់គ្រងមួយចំនួនទិញពីបរទេស។

នាឱកាសអញ្ជើញជាអធិបតី សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ មេសា សម្តេចធិបតី មានប្រសាសន៍ថា រាល់ផែនការទាំងអស់ ដែលរាជរដ្ឋាភិបាលដាក់ចេញ គឺសរសេរដោយសមត្ថភាពរបស់កូនខ្មែរ។ សម្ដេចថា ក្រោយការបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រហូតដល់ពេលជួបជំងឺកូវីដ១៩ កម្ពុជា គឺជាប្រទេសមានការអភិវឌ្ឍ និងស្ថានភាពសេដ្ឋកិច្ចល្អ ដោយរក្សាកំណើនប្រមាណ ៧ភាគរយ។

សម្ដេចធិបតីបន្ដថា កាលពីបើកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដំបូង ក្រុមហ៊ុន ត្រូវការអ្នកបច្ចេកទេស មកពីក្រៅប្រទេសជាច្រើន ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន នៅសល់អ្នកបច្ចេកទេសបរទេសចំនួន ២រូបប៉ុណ្ណោះ។ ក្រៅពីនេះសុទ្ធតែកូនខ្មែរទាំងអស់ ទាំងនេះគឺជាមិត្តរូប នៃការរីកចម្រើនរបស់កម្ពុជា។

សម្ដេចធិបតីបន្ថែមថា កម្ពុជាមិនត្រឹមតែមានសមត្ថភាព កសាងនូវអ្វីដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា បានផលិតនូវផលិតផលជាច្រើន ដែលចេញពីទឹកដៃរបស់កូនខ្មែរថែមទៀត។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «សមត្ថភាពរបស់កម្ពុជា មិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វីដែលធំ កាន់តែធំនោះទេ កាន់តែល្អប្រសើរនោះទេ ប៉ុន្ដែថែមទាំងកសាងដោយទឹកដៃកូនខ្មែរទៀតផង នេះគឺជាអ្វីដែលគោលការណ៍របស់យើង។ ចឹងរាល់ការវិនិយោគ ទាក់ទាញការវិនិយោគ ការបណ្ដុះបណ្ដាលផ្សេងៗ ត្រូវផ្សារភ្ជាប់គ្នា ការផ្ទេរជំនាញនេះឯង កូនខ្មែរត្រូវបណ្ដុះបណ្ដាល។ បច្ចេកវិទ្យាយើងអាចផលិតនៅស្រុកគេ ហើយបច្ចេកវិទ្យាខ្លះ យើងអាចផលិតក្នុងស្រុករួចទៅហើយ ជាពិសេសផ្នែក IT ជាពិសេសផ្នែកបច្ចេកវិទ្យាឌីជីថល ឥឡូវយើងមិនចាំបាច់ទិញកម្មវិធីជាច្រើន។ កម្មវិធីពេលមុន យើងទិញ សូម្បីគ្រប់គ្រងទិន្នន័យនៅក្នុងផ្សារ កន្លែងខ្លះយើងទិញ ឥឡូវយើងផលិតខ្លួនឯង»។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានសរសើរថា ខួរក្បាលកូនខ្មែរ គឺមិនធម្មតា មានសមត្ថភាពប្រកួតប្រជែង ជាមួយប្រទេសដទៃក្នុងតំបន់អាស៊ាន ដែលយកកម្មវិធី Verify.com ទៅប្រកួតប្រជែងរហូតបានពានរង្វាន់៕

To Top