ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលនៅថ្ងៃ១០ មេសា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលរថយន្តចំនួន១៩ គ្រឿង ដែលផ្តល់ដោយគម្រោង ទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុង មហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ដល់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ។
អង្គភាពដែលត្រូវបានផ្តល់ឲ្យនោះ រួមមាន៖ នាយកដ្ឋាន ប្រយុទ្ធជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាព សាធារណៈ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កោះកុង ព្រះសីហនុ ពោធិ៍សាត់ សៀមរាប តាកែវ ឧត្តរមានជ័យ និងកែប។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានរំលឹកពីការទទួលបានជោគជ័យ របស់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយបាននិងកំពុងស្តារកំណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមឆ្លើយតបនឹង ការគម្រាមកំហែងសុខភាពសាធារណៈ ឬគ្រោះអាសន្នសុខភាព ដែលអាចកើតឡើង មានជាយថាហេតុ ក្នុងពេលអនាគត ។ ជាក់ស្តែងក្នុងអំឡុងពេលថ្មីៗនេះ កម្ពុជាគ្រប់គ្រងបានយ៉ាងល្អ នូវជំងឺឆ្លងដែលបានលេចឡើងថ្មី ឬលេចឡើងសារឡើងវិញមួយចំនួនដូចជា ជំងឺអុតស្វា ជំងឺភ្នែកក្រហម ជំងឺហ្សីកា ជាដើម។ ដែលទាំងនេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលកន្លងទៅ ក៏ដូចជានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារ អាយុជីវិតប្រជាជន ការពារសុខភាពសាធារណៈ និងការរក្សាសុវត្ថិភាព នៃកិច្ចដំណើការសកម្មភាពសង្គម-សេដ្ឋកិច្ច។
ជាមួយគ្នានោះដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗ ដែលមានបច្ច័យលើការបន្តពង្រឹង ភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាព កាន់តែរឹងមាំថែមទៀតដូចជា ៖
១- រក្សាភាពបុរេសកម្ម សកម្មនិង អន្តរសកម្ម នៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លង ការពុលចំណីអាហារ ឬជំងឺឆ្លងតាមចំណីអាហារ ឬទឹកមិនស្អាត ជំងឺឆ្លងពីសត្វមកមនុស្ស និងធ្វើការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាព ដោយមានការចូលរួមពីរដ្ឋបាលមូលដ្ឋាន ប្រជាជន និងសហគមន៍ ។
២- ពង្រឹងប្រព័ន្ធផ្តល់សេវា ថែទាំសុខភាពបថមមានគុណភាព ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកដល់ការពង្រឹងប្រព័ន្ធ សន្តិសុខសុខភាព។
៣- អង្គភាពសុខាភិបាលពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពិនិត្យរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពឆ្លើយតបបន្ទាន់នឹងគ្រោះអាសន្នសុខភាពសាធារណៈ សម្រាប់តម្រង់ទិសនៃការវិនិយោគធនធាន ។
៤-នាយកដ្ឋានប្រយុទ្ធជំងឺ ឆ្លងត្រូវពិនិត្យ និងរៀបចំការផ្លាស់ប្តូរផែនការនីយកម្មរយៈពេលខ្លី ទៅកាន់ផែនការរយៈ ពេលវែងមានចីរភាព និងការប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងជំងឺឆ្លងរាតត្បាតនៅតាមកន្លែង។
៥-លើកកម្ពស់ការគ្រប់គ្រងការប្រើប្រាស់ និងការជួសជុលថែទាំសម្ភារៈ ឧបករណ៍ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូន ឲ្យបានសមស្រប ដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែងផង និងប្រសិទ្ធភាពនៃផ្តល់ សេវាបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង និងសេវាថែទាំព្យាបាលផង។
គួរបញ្ជាក់ថា គម្រោងទប់ស្កាត់ និង បង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបទាន់ពេល ចំពោះគ្រប់ទម្រង់ នៃវិបត្តិសុខភាពសាធារណៈ តាមរយៈការពង្រឹងសមត្ថភាព ក្រុមការងារឆ្លើយ តបបន្ទាន់ នៅគ្រប់លំដាប់ថ្នាក់ ការជួសជុលកែលម្អ និងការបំពាក់ឧបករណ៍ សម្ភារៈ សម្រាប់ពង្រឹងគុណភាព សេវាមន្ទីរពិសោធន៍ ឧបករណ៍ សម្រាប់សេវាសង្គ្រោះបន្ទាន់ និងឧបករណ៍បង្ការការចម្លង រោគនៅមន្ទីរពេទ្យជាដើម ៕