ភ្នំពេញ ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា កម្ពុជាគ្មានមហិច្ឆតា និងគ្មានគោលបំណង យកប្រទេសខ្លួនឯង ទៅធ្វើសង្គ្រាមជាមួយប្រទេសណានោះទេ ទោះបីសង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ចក៏ដោយ ផ្ទុយទៅវិញកម្ពុជា មានតែពង្រឹងចំណងមិត្តភាពគ្រប់ប្រទេសទាំងអស់។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក នៅខេត្តតាកែវ នាថ្ងៃ១១ មេសា សម្ដេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាគ្មានពេលទៅឈ្លោះ ជាមួយបរទេសណាឡើយ ព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពផ្ទៃក្នុងជាតិ។
សម្ដេចធិបតីសង្កត់ធ្ងន់ថា «ប្រទេសកម្ពុជា គ្មានបង្កើត សត្រូវជាមួយប្រទសណាទេ យើងប្រកាន់ជំហរមិត្តជា មួយគ្រប់ប្រទេសទាំងអស់។ គ្មានយកសត្រូវជាមួយប្រទេសទាំងអស់ យើងសហការ យើងធ្វើការជាមួយគ្នា។ គោលនយោបាយទំនាក់ទំនងអន្ដរជាតិ មិត្តភាពទាំងអស់ កម្ពុជា គ្មានយកប្រទេសណាធ្វើសត្រូវ ព្រោះយើងរស់ ដោយខ្លួនឯង គ្មានពេលសង្គ្រាមជាមួយប្រទេសណាទេ»។
សម្ដេចធិបតីបន្ដថា «សូមបញ្ជាក់ថា កម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោល បំណងយកប្រទេសខ្លួនឯង ទៅធ្វើសង្គ្រាម ជាមួយប្រទេសណា ទោះបីក្នុងសង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ច ឬមួយសង្គ្រាមប្រដាប់អាវុធ យើងគ្មានទេ យើងមានតែខិតខំពង្រឹងនូវចំណងមិត្តភាពរបស់យើង»។
សម្ដេចនាយករដ្ឋមន្ដ្រីថា កម្ពុជាមានការរីកចម្រើន គឺជាកត្តាវិជ្ជមាន សម្រាប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់លើពិភពលោក ។
ការលើកឡើងរបស់សម្តេចធិបតីនេះ ឆ្លើយតបទៅបុគ្គលមួយចំនួន ដែលតែងតែរិះគន់លើគម្រោងព្រែកជីកហ្វូណនតេជោថា បានបម្រើផលប្រយោជន៍ប្រទេសចិន ។ ដោយក្នុងនោះមានអ្នកវិភាគវៀតណាមបាននិយាយថា គម្រោងព្រែកជីក ហ្វូណនតេជោសែន នឹងមានផលប៉ះពាល់ទៅដល់បរិស្ថានវៀតណាម និងជំទាស់មិនឲ្យមានការជីក៕