ព័ត៌មានជាតិ

ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ ! សម្ដេចធិបតីថា កម្ពុជា មិនអនុញ្ញាត ឲ្យប្រើប្រទេសខ្លួន ប្រឆាំងនឹងប្រទេសណាឡើយ

ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វណនតេជោ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនអនុញ្ញាតឲ្យប្រើប្រាស់ប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេសណាឡើយ ខណៈរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យទ័ពបរទេស នៅលើទឹកដីរបស់ខ្លួន។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក នាថ្ងៃ១១ មេសា សម្ដេចធិបតីបានឲ្យដឹងថា នាពេលថ្មីៗនេះ មានការសែតបរទេស និងអ្នកវិភាគខ្លះ បាននិយាយថា ការធ្វើព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យប្រទេសមហាអំណាចមួយដែលពួកគេសំដៅដល់នោះគឺ ប្រទេសចិន យកនាវាចម្បាំង មកដាក់នៅកម្ពុជា​ដើម្បីបង្កើតជាហានិភ័យដល់ប្រទេសក្បែរខាង ។ ប៉ុន្តែវាយបកថា ព្រែកជីកមានជម្រៅត្រឹម៥ម៉ែត្រ​នេះ មិនអាចផ្ទុកនាវាចម្បាំងបានទេ ។

ជាថ្មីម្តងទៀតសម្ដេចធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា «រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនទេ ហើយកម្ពុជា គ្មានមហិច្ឆតា គ្មានគោលគំនិត ហើយគ្មានភាពក្លាហានក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ យើងមិនឲ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ»។

សម្ដេចធិបតីបន្ដថា កម្ពុជាមិនឲ្យប្រើប្រាស់ប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះទេ កុំថាឡើយ ការតាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់កម្ពុជា សូម្បីតែសកម្មភាពផ្សេងៗដែលប្រឆាំងនឹងប្រទេសណាមួយ ក៏មិនឲ្យមាននោះដែរ។

សម្ដេចធិបតីគូសបញ្ជាក់ថា «យើងមិនឲ្យប្រើប្រាស់ប្រទេសយើង ជាមូលដ្ឋានប្រឆាំងជាមួយប្រទេសណាមួយនោះទេ កុំថាឡើយមូលដ្ឋានទ័ព សូម្បីធ្វើសកម្មភាព ប្រឆាំងនឹងប្រទេសណាមួយ ក៏យើងមិនឲ្យមាននោះដែរ។ នេះជាមូលដ្ឋានរបស់យើង»។

ទាក់ទិននឹងការចោទថា ព្រែកជីកតេជោហ្វូណន នឹងអនុញ្ញាតឲ្យប្រទេសចិនយកនាវាចម្បាំងប្រឆាំងនឹងប្រទេសជិតខាងកម្ពុជានោះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត បកស្រាយថា នាវាចម្បាំងធំៗ មិនអាចចូលចតនៅព្រែកជីកតេជោហ្វូណនបានឡើយ ព្រោះតែនាវាចម្បាំងមានទំហំធំ លើសពីទំហំព្រែកជីកហ្វូណនដែលមានមុខកាត់ត្រឹម ១០០ម៉ែត្រ និងជម្រៅត្រឹមប្រមាណ ៥ម៉ែត្រប៉ុណ្ណោះ។

ក្នុងន័យនេះ សម្ដេចធិបតីបានបញ្ជាក់ថា ព្រែកជីកតេជោហ្វូណន សាងសង់ឡើងដើម្បីតែនាវាដឹកទំនិញប៉ុណ្ណោះ ពោល គឺនាវាចម្បាំងមិនអាចចូលចតបានឡើយ។

សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕

To Top