ព័ត៌មានជាតិ

ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥.៨% នៅឆ្នាំ២០២៤ និង៦.០% ឆ្នាំ ២០២៥

ភ្នំពេញ៖ នាយិការ (ADB)ប្រចាំកម្ពុជា លោកស្រី Jyotsana Varma បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦,០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើន ក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀត នៃវិស័យទេសចរណ៍។

នៅក្នុងកម្មវិធីផ្សព្វផ្សាយ ជំពូកស្តីពីកម្ពុជានៃទស្សនៈវិស័យធនាគារអាស៊ី(ADO) នៅថ្ងៃទី១១ ខែមេសាលោកស្រីមានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈម នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។»

ទស្សនវិស័យអភិវឌ្ឍន៍ អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) សម្រាប់ខែមេសា ២០២៤  បានប៉ាន់ប្រមាណកំណើន សេដ្ឋកិច្ចក្នុងកម្រិត ៥,0% ក្នុងឆ្នាំ ២០២៣ ។ កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹង សមិទ្ធផល ដែល វិស័យនេះសម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេច បាន។

លោកស្រីបានឲ្យដឹងថា របាយការណ៍នេះ បានព្យាករពីកំណើន ដែលនឹងមានជាបន្តទៀត សម្រាប់សេដ្ឋកិច្ចនៅឆ្នាំ ២០២៤-២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំង ពីផលិតកម្មវិស័យកម្មន្តសាល សម្រាប់ការនាំចេញ ។ អតិផរណា ជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១% នៅក្នុងឆ្នាំ ២០២៣ ដោយសារមានការថយចុះនៃថ្លៃថាមពលអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២,០% នៅក្នុងពេល២ឆ្នាំខាងមុខ នេះ។

រាជរដ្ឋាភិបាលគ្រោង អនុវត្តការពង្រឹងការគ្រប់គ្រងថវិកា(fiscal consolidation)ជាបណ្តើរៗចាប់ ពីឆ្នាំ ២០២៤ ដើម្បីស្តារឡើងវិញ នូវទុនបម្រុងដែលបានស្រកចុះ ដោយសារការរីករាលដាលជំងឺរាតត្បាត។ ប៉ុន្តែបញ្ហាប្រឈមដូចជា និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំណើនបំណុលឯកជន ការប្រែប្រួលថ្លៃថាមពល និងភាពងាយរងគ្រោះនឹងអាកាសធាតុ អាចជះឥទ្ធិពលដល់ទស្សនវិស័យរយៈពេលវែង។

លោកស្រី Jyotsana Varma មានប្រសាសន៍ថា៖ «បញ្ហាប្រឈមទាំងនេះបន្ថែមភាពស្មុគស្មាញដល់ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងសុទិដ្ឋិនិយមប្រកបដោយ ភាពប្រយ័ត្នប្រយែង។»
របាយការណ៍នេះ ក៏ពិភាក្សាផងដែរអំពីការរៀបចំ ជាយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ការឆ្លងផុត ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (Least-Developed Country) របស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២៧។ វាបានកត់សម្គាល់ថា ការឆ្លងផុតនេះនឹងធ្វើអោយប្រសើរឡើងនូវស្ថានភាពកម្ពុជាលើឆាក អន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ខ្លួន។ ប៉ុន្តែនាពេលជាមួយគ្នានេះដែរ ការឆ្លងផុតនេះ ក៏នឹងបង្កើតបញ្ហាប្រឈមមួយចំនួន ដែលនឹងកើតចេញពីការថយចុះនៃលទ្ធភាពទទួលបានកម្ចីសម្បទាន និងការអនុគ្រោះផ្នែកពាណិជ្ជកម្មនានាដល់វិស័យមួយចំនួន ដែលបានរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចខ្ពស់។
«ដើម្បីឆ្លងផុតការផ្លាស់ប្តូរនេះ ប្រកបដោយប្រសិទ្ធភាព របាយការណ៍នេះបានសង្កត់ធ្ងន់ លើសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើនសមាហរណកម្ម សេដ្ឋកិច្ចទៅក្នុងពិភពលោក ការធ្វើពិពិធកម្ម ទីផ្សារដោយផ្តោតលើផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ការវិនិយោគលើធនធានមនុស្ស និងការពង្រឹងការកៀរគរធនធានវិនិយោគក្នុងស្រុក។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការ ខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

To Top