ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យអ្នកទិញផ្ទះតាមបុរី មានបញ្ហាមេត្តាអត់ធ្មត់ និងយោគយល់ ព្រោះរាជរដ្ឋាភិបាលកំពុងដោះស្រាយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំឲ្យប្រជាពលរដ្ឋ ដែលទិញផ្ទះនៅតាមបុរីមួយចំនួន ហើយកំពុងមានបញ្ហាជាមួយម្ចាស់គម្រោង មានការយោគយល់ និងត្រូវមានការអំណត់ ខណៈរាជរដ្ឋាភិបាលមិនដេកនៅស្ងៀមនោះទេ ពោលគឺបានធ្វើការជាជំហានៗ ជាមួយស្ថាប័នពាក់ព័ន្ធហើយ ។

ការលើកឡើងរបស់សម្តេចធិបតីពីបញ្ហានេះ ដោយសារតែមួយរយៈចុងក្រោយនេះ ពោលនៅពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ បានបញ្ចប់ ហើយប្រទេសចាប់ផ្តើមបើកដំណើរការធម្មតាក៏ពិតមែន ប៉ុន្តែអ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួន កំពុងនៅជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចនៅឡើយ ជាហេតុធ្វើឲ្យមានបញ្ហាដល់គម្រោងធំៗរបស់ខ្លួន តួយ៉ាងម្ចាស់គម្រោងលំនៅឋានមួយចំនួន កំពុងប្រឈម និងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បណ្តាលឲ្យការអភិវឌ្ឍនិងការសាងសង់មានភាពយឺតយ៉ាវ ហើយក៏មានប្រជាពលរដ្ឋមួយចំនួន ក៏កំពុងប្រឈមនឹងបញ្ហានេះដែរ ធ្វើឲ្យខ្វះលទ្ធភាពក្នុងការបន្តការបង់ប្រាក់ ទៅកាន់ម្ចាស់គម្រោងដូចគ្នា ។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល បាននិងកំពុងខិតខំរិះរកមធ្យោបាយដោះស្រាយជូន ឲ្យមានភាពល្អប្រសើរទាំងម្ចាស់គម្រោង និងអតិថិជន តាមរយៈការដាក់ចេញវិធានការមួយចំនួន ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្តារ និងដោះស្រាយបញ្ហាដែលកើតមានឡើងនេះផងដែរ ។

ការបញ្ជាក់ជំហរាជរដ្ឋាភិបាល ក្នុងការមិនឱបដៃឈរមើល ការលំបាករបស់វិនិយោគិន ក៏ដូចជាប្រជាបលរដ្ឋ ដោយសុំឲ្យមានការយោគយល់ និងមានភាពអំណត់នេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី អញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក នៅស្រុកបាទី នាថ្ងៃ១១ មេសា ។

សម្តេចធិបតី បានលើកឡើងថា “ពិតណាស់ ក្នុងប៉ុន្មានឆ្នាំនេះ វាគាំងដោយសារកូវីដ ហើយយើងបន្តខិតខំដោះស្រាយ លើកិច្ចការងារនេះ ខ្ញុំមិននិយាយលម្អិត ខ្ញុំមិននិយាយច្រើន នាំឲ្យយប់យន់សុបិន្តច្រើន ប៉ុន្តែរាជរដ្ឋាភិបាល មិនបានដេកអេសពោះ មើលការលំបាករបស់ប្រជាជននោះទេ ក្រសួងដែនដីនគរូបនីយកម្ម ឯកឧត្តម សាយ សំអាល ធ្វើការជាប្រចាំថ្ងៃ ជាមួយនឹងបុរី ជាមួយនឹងប្រជាពលរដ្ឋដែលទិញ ដើម្បីដោះស្រាយបន្តិចម្តងៗ រាប់ម៉ឺននាក់ដែលជាប់ ។ យើងដោះស្រាយម្តង មួយខែ មួយថ្ងៃ២០-៣០ករណី ថ្ងៃខ្លះក៏បាន២០០ករណី ដោះដើម្បីឲ្យបានល្អ ហើយខ្ញុំសូមអរគុណបងប្អូនណាស់ ដែលយោគយល់ទាំងអស់គ្នា ទាំងម្ចាស់បុរី ទាំងបងប្អូនដែលទិញ យើងខិតខំជួយគ្នា “។

ជាមួយគ្នានោះ សម្តេចធិបតីបញ្ជាក់ថា ចំពោះវិធានការ និងការដោះស្រាយជាមួយនឹងបញ្ហាខាងលើនេះ គឺត្រូវបានប្រើប្រាស់រូបមន្តខុសៗគ្នា ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី បានសូមឲ្យប្រជាពលដ្ឋជឿទុកចិត្ត ខណៈរដ្ឋាភិបាលមិនបានដេកស្ងៀមនោះទេ ។

សម្តេចធិបតីលើកឡើងថា “រដ្ឋាភិបាលពិតណាស់ មិនងាកចាប់ៗនោះទេ ត្រូវធ្វើយ៉ាងម៉េច គោលដៅធំបំផុត ធ្វើយ៉ាងណាដោះស្រាយបញ្ហាជូនអតិថិជន ហើយធ្វើយ៉ាងម៉េចឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ នឹងមានលំនឹងបន្តដោះជូនទៀត”។

សម្តេចបន្ថែមទៀថា “រាជរដ្ឋាភិបាលខិតខំជាប្រចាំ ដើម្បីដោះស្រាយបញ្ហានេះ ព្រោះយើងមិនអាចបំផ្លាញសេដ្ឋកិច្ចយើង នៅក្នុងរយៈពេល១ឆ្នាំនេះទេ ។ ឯកឧត្តម សាយ សំអាល មន្ត្រីរបស់ក្រសួងដែនដី ធនាគារជាតិយើង ខ្ញុំបានដាក់គោលការណ៍ ដោះស្រាយសម្ពាធមួយចំនួន ប ន្ថយសម្ពាធមួយចំនួនទៅវិស័យធនាគារ ដើម្បីមានលទ្ធភាពអាចជួយពង្រីកទុន លើកទឹកចិត្តដល់វិស័យអចលនទ្រព្យ ធ្វើកិច្ចការងារ ធ្វើមិចកុំឱ្យមានលំនឹង កន្លែងណាមានបញ្ហាខិតខំដោះស្រាយ ដោយទទួលខុសត្រូវ គ្រាន់តែយូរនិងឆាប់” ។

ក្នុងនោះសម្តេចធិបតីគូសបញ្ជាក់ថា “យើងមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ យើងត្រូវធ្វើម៉េចឲ្យមេមាន់នៅរស់ ដើម្បីយកពងមាន់មកឲ្យបងប្អូនប្រជាពលរដ្ឋ នេះជាគោលដៅធំ ត្រូវដោះស្រាយ ធ្វើយ៉ាងណាជូនអតិថិជន ជាលំដាប់លំដោយ ជាបន្តបន្ទាប់ សូមមានការយោគយល់ ការអំណត់ ប៉ុន្តែយើងបានធ្វើជាប្រចាំ ហើយបងប្អូននៅតាមកន្លែងអភិវឌ្ឍន៍ ដែលមានបញ្ហាបានជួបជាមួយក្រសួងបរិស្ថានជាច្រើនៅហើយ គ្រាន់តែយើងមិនផ្សព្វផ្សាយ” ។

តាមអ្វីដែលសម្តេចធិបតី លើកឡើងនេះ ជាសញ្ញាវិជ្ជមានមួយ សម្រាប់ប្រជាពលរដ្ឋដែលកំពុងមានបញ្ហាលើការទិញផ្ទះ តែមិនបានផ្ទះ ខណៈការបន្តដោះស្រាយបន្តិចម្តងបន្តិចម្តងនេះ នឹងជួយឲ្យម្ចាស់គម្រោងបុរីមានលទ្ធភាព និងពេលវេលាអាចដោះស្រាយបញ្ហាជូនអតិថិជនរបស់ខ្លួនផងដែរ ។ យ៉ាងណាមិញ នាពេលបច្ចុប្ប បញ្ហាខាងលើនេះ ឃើញថា មានទាំងអ្នកមានលុយទិញផ្ទះមិនទាន់បានផ្ទះ ខណៈកិច្ចសន្យាហួសការកំណត់ឈានដល់ឆ្នាំ ហើយបុរីក៏មានផ្ទះ តែអតិថិជនមិនមានលទ្ធភាពបង់លុយជូន ម្ចាស់បុរីដែលនាំឲ្យមានការតវ៉ា និងសុំកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរផងដែរ៕

To Top