កំពង់ចាម ៖ ក្នុងយុទ្ធនាការជិះកង់ជុំវិញ ភូមិសាស្ត្រខេត្តកំពង់ចាម ៧ ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានទទួលថវិការសរុប ចំនួន ៤២១,៨៩៦,៨០០រៀល និង ៨,៩៣៩ ដុល្លារ ដែលពិធីប្រគល់ទទួលនេះ ធ្វើនៅសាលាខេត្តកំពង់ចាម។
សូមរំលឹកផងដែរថា ការបើកយុទ្ធនាការ របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការជិះកង់រៃអង្គាសប្រមូលថវិកា ពីសប្បុរសជននានា ក្នុងក្រុង ស្រុក ទាំង ១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺធ្វើឡើងបន្ទាប់ពីមានការណែនាំ ដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា ។
ហេតុដូច្នេះហើយទើប លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំផែនការជិះកង់គូក ចេញទៅតាមគោលដៅ ក្រុង-ស្រុកទាំង១០ ដែលមានសមាសភាពចំនួន ៤០០នាក់ ហើយចំណុច ដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលា ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែមេសា ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។
ម្យ៉ាងទៀតកុមារទាំងនោះ គឺជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍន ប្រទេសជាតិយើង ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បាន ធ្វើការអំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន លោកតា លោកយាយ និង សប្បុរសជន សូមមេត្តាចូលរួមជួយ បរិច្ចាគជាវិភាគទាន តាមការស្ម័គ្រចិត្តដោយសុទ្ធាជ្រះថ្លា ដើម្បីទ្រទ្រង់ និង ជួយដល់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល សង្គ្រោះជីវិត កុមារកម្ពុជា និងក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្តីស្រលាញ់ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ៕