ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក Farid Bigoli នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Roche ប្រចាំប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងក្រុមការងារ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តក្រុមហ៊ុន Roche បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេច បានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្ត បញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាកិច្ចឆ្លើយតបលោក Farid Bigoli នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Rocheវិញ បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន Roche ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្ត ចំពោះនិរន្តរភាព និងទំនួលខុសត្រូវរបស់សាជីវកម្ម គោលបំណងធ្វើឲ្យមានផល ប៉ះពាល់ជាវិជ្ជមានដល់សង្គម និងបរិស្ថាន ។ ក្រុមហ៊ុនមានបណ្តាញស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ ហើយសហការជាមួយអ្នកសិក្សា អ្នកផ្តល់សេវាថែទាំសុខភាព និងដៃគូឧស្សាហកម្មផ្សេងៗទៀត ដើម្បីជំរុញដំណោះស្រាយ និងថែទាំសុខភាពរបស់អ្នកជំងឺ ។
ជាមួយគ្នានេះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន Roche ដែលកន្លងមកបានគាំទ្រ និងរួមចំណែកលើកកម្ពស់សេវាសុខាភិបាល និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ជាពិសេសផ្តល់ឱសថ និងភ្នាក់ងារធ្វើតេស្តរកមេរោគកូវីដ-១៩ ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះគុណភាព របស់ឱសថរបស់ក្រុមហ៊ុន Roche និងស្វាគមន៍កិច្ច សហប្រតិបត្តិការពាក់ព័ន្ធ នឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Roche ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ ជំនួយសុខាភិបាល ការផ្គត់ផ្គង់ឱសថដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌ ។
សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំណុចសំខាន់ៗចំនួន ៧ ដែលបាននិងកំពុងអនុវត្តសព្វថ្ងៃ ក្នុងការពង្រឹង , ហេដ្ឋាសម្ព័ន្ធ , ធនធានមនុស្ស , សេវាគ្លីនិក , ឧបករណ៍ បរិក្ខារពេទ្យ និងឱសថ , ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ , ការលើកកម្ពស់គុណភាពសេវា និងលក្ខខណ្ឌច្បាប់ និងកិច្ចការរដ្ឋបាល ៕