ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជួបពិភាក្សាការងារជាមួយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិ សាំងហ្គាពួរ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ១១ មេសា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Teo Yik Ying សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិ សាំងហ្គាពួរ (NUS) និងជាព្រឹទ្ធបុរស នៃ NUS Saw Swee Hock School of Public Health ព្រមទាំងប្រតិភូអមដំណើរ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ ដែលបានគាំទ្រ និងរួមចំណែកក្នុងការងារបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសុខាភិបាល និងការងារស្រាវជ្រាវសុខភាព សាធារណៈនៅកម្ពុជាក្នុងពេលកន្លងមក ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសំដែងការថ្លែង អំណរគុណ ដល់ការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការរបស់ សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ និងបានលើកទឹកចិត្ត ឲ្យសាកលវិទ្យាល័ជាតិសាំងហ្គាពួរ បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ជាមួយអង្គភាព ក្រោមឱវាទក្រសួងសុខាភិបាល និងពង្រីកកិច្ចសហការ ជាមួយសាកលវិទ្យាល័យផ្សេងៗ ថ្មីៗថែមទៀត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេច បាននូវការគ្របដណ្តប់ សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកសាស្រ្តាចារ្យ Teo Yik Ying ក៏បានថ្លែងអបអរសាទរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសទទួលបានទំនុកចិត្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួង សុខាភិបាល និងថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការ របស់សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ ជាមួយសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅកម្ពុជា ក្នុងរយៈកាល ១០ឆ្នាំកន្លងមកនេះ។

លោកសាស្រ្តាចារ្យ ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំ របស់សាកលវិទ្យាល័យ ក្នុងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាព មួយចំនួនរបស់ក្រសួង រួមមាន ៖ ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំ ជាមួយថ្នាំអង់ទីប៊ីយ៉ូទិក , ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ជាពិសេសការរៀបចំផែនការ យុទ្ធសាស្រ្តជាតិ ប្រយុទ្ធនឹងជំងឺមហារីក , ការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល និងការលើកកំពស់ឌីជីថលសុខាភិបាល ៕

To Top