ភ្នំពេញ ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ កងកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងជាង២ពាន់នាក់ នៅតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងក្នុងពេលប្រជាពលរដ្ឋសម្រុកធ្វើដំណើរទៅស្រុកកំណើត និងការលេងកម្សាន្តនានារបស់ពលរដ្ឋនៅទូទាំង១៤ខណ្ឌ ។
អ្នកនាំពាក្យបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១២ មេសា មុនចូលឆ្នាំមួយថ្ងៃថា ក្នុងចំណោមកងកម្លាំងជាង២ពាន់នាក់នេះ បានដាក់ពង្រាយនៅតាមគោលដៅ៨៤កន្លែង ជាពិសេសនៅច្រកផ្លូវជាតិទាំង៦ដែលចេញពីភ្នំពេញ ឆ្ពោះទៅបណ្តាខេត្តនានាផងដែរ ។
លោកថា កងកម្លាំងទាំងអស់នេះបានបំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឲ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ ប្រើប្រាស់កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅនៅទីតាំងសប្បាយភាព វត្តអារាម ទីផ្សារតូចធំ រមណីយដ្ឋានផ្សេងៗ។
លោកសង្ឃឹមថា កងកម្លាំងជាង២ពាន់នាក់នេះ ពិតជាបានជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះដល់ការធ្វើដំណើររបស់ពលរដ្ឋទាំងទៅស្រុកកំណើត ក៏ដូចជានៅពេលពួកគាត់នៅល្បែងកម្សាន្តដែរ ។
ការកំណត់កម្លាំងជាង២ពាន់នាក់នេះ ក្រោយពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃ១១ មេសា បានបើកកិច្ចប្រជុំដើម្បីត្រៀមការពារសុវត្ថិភាពពលរដ្ឋ ៕