ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម និងប្រធានក្រុមការងារ បំពាក់អំពូលប្រើពន្លឺព្រះអាទិត្យ ១,០០០ដើម ដល់ប្រជាពលរដ្ឋក្នុងឃុំកោះសូទិន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង លោក ហែម សុវត្ថិ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគល់អំពូល សឡា (អំពូលប្រើពន្លឺព្រះអាទិត្យ) ចំនួន ១,០០០ ដើម ដើម្បីដាក់បំភ្លឺតាមដងផ្លូវ នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន លោក ហែម សុវត្ថិ បានថ្លែងថា ភ្លើងអគ្គិសនី គឺជាអាទិភាពគន្លឹះ១ ក្នុងចំណោមអទិភាពគន្លឹះទាំង ៥ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិជ្ជា ត្រូវបានយកចិត្តទុកដាក់ ដើម្បីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ម្យ៉ាងទៀតអំណោយនេះ អាចនិយាយបានថា ជាកាជូនកាដូ មុនពិធីបុណ្យចូលឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋក្នុងឃុំកោះសូទិន សម្រាប់បំភ្លឺផ្លូវ ងាយស្រួលក្នុងការធ្វើដំណើរ ចូលរួមការកំសាន្តពីតំបន់មួយទៅតំបន់មួយទៀត ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា អំពូល សឡា ប្រើពន្លឺព្រះអាទិត្យ ចំនួន១០០០ ដើម ដែលជាអំណោយរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ហែម សុវត្ថិ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិន ដើម្បីប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបំភ្លឺផ្លូវ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងឃុំកោះសូទិននេះតែម្តង ។

លោកអភិបាលខេត្ត បានយកឱកាសនោះ ជូនសព្វសាធុការពរ ដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសេចក្តីថ្លៃថ្នូរ ក្នុងការលេងល្បែងប្រជាប្រិយ ដែលជាប្រពៃណីវប្បធម៌របស់យើង ៕

To Top