ព័ត៌មានជាតិ

សម្ដេចធិបតី ប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ និងរបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្ដេជ្ញាចិត្តការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល។

តាមរយៈសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ចេញផ្សាយនាថ្ងៃទី១៣ មេសា នេះ រាជរដ្ឋាភិបាល សូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តដោយសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់ នូវផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈម ហានិភ័យ និងឧបសគ្គទាំងឡាយសំដៅ បន្តដឹកនាំនាវាកម្ពុជារក្សាការពារ បានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។

សម្ដេចធិបតី មានប្រសាសន៍ថា « ខ្ញុំ សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាន នាពេលកន្លងមកឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ»។

សម្ដេចធិបតី បន្ដថា ទន្ទឹមនេះ រាជរដ្ឋាភិបាលប្តេជ្ញាបន្តរួបរួមសាមគ្គីគ្នា ជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង ៕

To Top