ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ក្រើនរំលឹកដល់មន្ត្រីរាជការ កុំភ្លេចខ្លួនចំពោះអភិក្រមទាំង ៥ ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា

ពោធិ៍សាត់៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី នៃ រដ្ឋបាលខេត្តពោធិ៍សាត់ទាំងអស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង អបអរសាទរព្រឹត្តការណ៍សង្រ្កាន្តឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤ នៅលើបុរីវប្បធម៌កោះសំពៅមាស លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ក្រើនរំលឹកទៅដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៅក្នុងដែនសមត្ថកិច្ច នៃ រដ្ឋបាលខេត្តពោធិ៍សាត់ទាំងអស់សូមកុំភ្លេចខ្លួនចំពោះអភិបាលក្រមទាំង ៥ ចំនុចរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ:១-ងូតទឹក ២-ដុះក្អែល ៣-ឆ្លុះកញ្ចក់ ៤-ព្យាបាល និង ទី ៥ -វះកាត់។ការថ្លែងរបស់លោកអភិបាលខេត្តពោធិ៍សាត់បែបនេះគឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃ រដ្ឋបាលខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការបំពេញភារកិច្ច ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ ការគោរពវិន័យ ពេលវេលា មានសាមគ្គីផ្ទៃក្នុងល្អ មានគុណធម៌ល្អ គោរពនូវតួនាទីភារកិច្ចទៅតាមឋានានុក្រម មានឥរិយាបថទន់ភ្លន់ ថ្លៃថ្នូរ រួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ខដែលអញ្ជើញមកទំនាក់ទំនងស្នើរសុំផ្តល់នូវសេវាផ្សេងៗប្រកបដោយតម្លាភព។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍បានមានប្រសាន៍លើកយកមន្ត្រីគ្រប់ល្ពៅមួយចំនួនតូចដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាឈានដល់ការប្រើអភិក្រមទី ៥ គឺការវះកាត់តែម្តង។លោកអភិបាលខេត្តក៍បានកោតសរសើរ និង ជូនពរមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់សូមទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ៗក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង សូមអញ្ជើញចូលរួមព្រឹត្តិការណ៍សង្រ្កាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីរយះពេល ៤ ថ្ងៃ(១៣-១៦ ខែ មេសា ឆ្នាំ ២០២៤)នៅលើបុរីវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ និង នៅតាមបណ្តាស្រុកនានាក្នុងទឹកដីខេត្តពោធិ៍សាត់អោយបានច្រើនកុះករផងដែរ៕

To Top