កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រស៊ីក្លូ(ខេមបូឌា)ស្ថិតនៅក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។
លោក វ៉ី សំណាង អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកម្មករ និយោជិត ក្នុងការខិតខំចូលរួមអនុវត្តការងារសម្រាប់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយសារបងប្អូនកម្មករ កម្មការិនី បានគោរពតាមតួនាទីភារកិច្ចជំនាញ រៀងៗខ្លួន ក្នុងពេលកន្លងមក បានយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់។
លោក វ៉ី សំណាង ក៏បានកោតសរសើរ ចំពោះលោកស្រី អាន នីតា អគ្គនាយិការ និងលោក លោកស្រី ថ្នាក់ដឹកនាំក្រុមហ៊ុនរោងចក្រស៊ីក្លូ(ខេមបូឌា) ដែលបង្កើតឲ្យមានវិធីជួបជុំ សំណេះសំណាល និងការចាប់រង្វាន់ម៉ូតូ កង់អគ្គិសនី និងកង់ជាច្រើនគ្រឿងទៀត ដល់កម្មករ កម្មការិនី ផ្សងសំណាងបង្កើតភាពសប្បាយរីករាយ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានមកដល់ពេលខាងមុខនេះផងដែរ៕