ព័ត៌មានជាតិ

កងកម្លាំងជាង ៤០០នាក់ ត្រៀមដាក់តាមគោលដៅ ការពារសន្តិសុខ ជូនពលរដ្ឋមកដើរកំសាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ក្នុងការចុះត្រូតពិនិត្យកងកម្លាំង នៅមុខរដ្ឋបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបានមានប្រសាន៍ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត សប្បាយក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលរដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំព្រឹត្តិការណ៍សង្រ្កាននៅលើបុរីវប្បធម៌កោះសំពៅមាស ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តបានប្រើប្រាស់កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះប្រមាណជាង ៤០០ នាក់ក្នុងនោះកម្លាំងនគរបាលជាតិចំនួន ៣៧១ នាក់ និង កម្លាំងកងរាជអាវុធហត្ថចំនួន ៩០ នាក់។

កងកម្លាំងទាំងអស់ និង ដាក់តាមគោលដៅសំខាន់ៗធំៗចំនួន ៨ គោលដៅ និង គោលដៅបន្ទាប់បន្សំមួយចំនួនទៀតហើយ និង មានកងកម្លាំងចល័តតាមរថយន្ត និង ម៉តូដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋដែលមកកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅលើបុរីវប្បធម៌កោះសំពៅមាស និង នៅទីកន្លែងផ្សេងៗទៀតផងដែរ។

លោកអភិបាលខេត្តក៍បានមានប្រសាសន៍បន្តថា កងកម្លាំងនៅតាមបណ្តាគោលដៅទាំងអស់មិនត្រឹមតែការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតែប៉ុណ្ណោះនោះទេ ក្នុងករណីសង្ស័យត្រូវធ្វើការឆេកត្រួតពិនិត្យរកអាវុធជាតិផ្ទុះ ឬ ឧបករណ៍ណាដែលនាំអោយបង្កជាអសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

គួររំលឹកថា ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័កព.ស ២៥៦៧គ.ស ២០២៤ ត្រូវនិងថ្ងៃទី ១៣-១៤-១៥-១៦ ខែ មេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយះពេល ៤ ថ្ងៃនៅលើបុរីវប្បធម៌កោះសំពៅមាស ក្នុងក្រុងពោធិ៍សាត់ ក្រៅពីនោះនៅតាមបណ្តាស្រុកនានាក្នុងខេត្តក៍មានការរៀបចំសង្ក្រាន្តដើម្បីអោយប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕

To Top