ភ្នំពេញ៖ ខេត្តសុកត្រាំង (Soc Trang) ជាខេត្តមួយនៅភូមិភាគខាងត្បូងវៀតណាម មានជនរួមជាតិខ្មែររស់នៅច្រើនជាងគេ (ស្មើនឹង ១/៣ នៃចំនួនប្រជាជនទូទាំងខេត្ត) ប្រជាជនភាគច្រើនប្រកបរបរកសិកម្ម ហើយជារឿយៗ ទទួលរងនូវគ្រោះធម្មជាតិ គ្រោះរាំងស្ងួត និងរងផលប៉ះពាល់ដោយសារការកើនឡើងនៃកម្ពស់ទឹកប្រៃ នាំឱ្យជីវភាពប្រជាជន នៅជួបការលំបាកជាច្រើន ជាពិសេសលើបញ្ហាលំនៅឋាន។
ដើម្បីថែទាំជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដល់បណ្តាជនជាតិ ដែលរស់នៅក្នុងខេត្តសុកត្រាំង ប្រទេសវៀតណាម ជាពិសេសក្រុមគ្រួសារជនជាតិខ្មែរ ដែលកំពុង មានស្ថានភាពលំបាក និងងាយរយគ្រោះ បានទទួលការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត តាមរយៈការជួយ កសាងលំនៅឋាន ការផ្តល់ដើមទុនសម្រាប់ផលិតកម្ម ការបណ្ដុះបណ្តាលវិជ្ជាជីវៈ ការជួយណែនាំការងារផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។
ខេត្តសុកត្រាំង ត្រូវបានរដ្ឋអំណាចមូលដ្ឋាន សហការជាមួយក្រសួងនគរបាលវៀតណាម ជ្រើសរើសដើម្បីអនុវត្តកម្មវិធី ជួយឧបត្ថម្ភ សាងសង់លំនៅឋាន សម្រាប់ប្រជាជនក្រីក្រ ងាយរងគ្រោះ ដែលភាគច្រើនជាជនជាតិខ្មែរ។
ដោយមានការអន្តរាគមយ៉ាងពេញទំហឹងនិងជាប្រព័ន្ធ និងដោយមានការឯកភាពគ្នា ពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កិច្ចខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តខ្ពស់របស់កងកម្លាំងនគរបាល ផ្ទះចំនួន១២00ខ្នង ត្រូវបានសាងសង់រួចរាល់នៅចុងឆ្នាំ២០២៣ និងបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ដែលភាគច្រើនជាជនជាតិខ្មែរ។
កិច្ចខិតខំប្រឹងប្រែងនេះ បានរួមចំណែកដល់ការនាំយកមកនូវស្នាមញញឹម និងផ្ទះដ៏កក់ក្តៅជូនដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ក៏ដូចជាបានជួយលើកទឹកចិត្ត និងជំនឿចិត្តបន្ថែមទៀត ដល់ពលរដ្ឋទាំងអស់ នូវអនាគតដ៏ភ្លឺស្វាងរបស់ពួកគាត់នាពេលខាងមុខ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប កម្មវិធីឧបត្ថម្ភសាងសង់លំនៅដ្ឋាន នាដើមឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម បានមានប្រសាសន៍ថា បក្សនិងរដ្ឋវៀតណាម តែងតែយកចិត្តទុកដាក់ជាពិសេស និងស្របទៅតាមទស្សនៈនៃ “ការអភិវឌ្ឍន៍សេដ្ឋកិច្ចផ្សាភ្ជាប់ និងការកាត់បន្ថយ ភាពក្រីក្រប្រកបដោយនិរន្តរភាព និងធានាបានសន្តិសុខសង្គម”។
ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ គឺជាគោលដៅ និងតម្រូវការចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយជាគោលនយោបាយ និងកម្មវិធីជាតិដ៏សំខាន់ ដែលពោរពេញទៅដោយមនុស្សធម៌ បង្ហាញពីទំនៀមទម្លាប់ដ៏ល្អ របស់ប្រជាជនវៀតណាម។
ថ្មីៗនេះ ក្រសួងនគរបាលវៀតណាម បានអនុវត្តកម្មវិធីជំនួយលំនៅឋាន ជូនប្រជាពលរដ្ឋ នៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែនដែលជួបការលំបាក។ ដោយឡែកនៅក្នុងខេត្តសុកត្រាំងវិញ នៅតែមានគ្រួសារជាច្រើនកំពុងជួបការលំបាក ជាពិសេសជនជាតិខ្មែរមួយផ្នែកធំ ដែលមិនទាន់មានលំនៅឋាន ឬមានលំនៅឋានបណ្តោះអាសន្ន ដែលនឹងអាចទទួលរងហានិភ័យខ្ពស់នៃការដួលរលំផ្ទះក្នុងអំឡុងពេលមានព្យុះភ្លៀងខ្លាំង។
ការរុះរើផ្ទះបណ្ដោះអាសន្ននិងទ្រុឌទ្រោម និងសាងសង់ផ្ទះថ្មីជំនួសវិញ ចំនួន១២០០ខ្នង ជូនបងប្អូន ជនរួមជាតិនៅខេត្តសុកត្រាំង ត្រូវបានក្រសួងនគរបាលវៀតណាម សហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបញ្ចប់ជាស្ថាពរ និងប្រកបដោយគុណភាពល្អបំផុត។ រហូតមកទល់ សព្វថ្ងៃនេះ មិនថាយើងទៅទីកន្លែងណានៅក្នុងខេត្តសុកត្រាំងទាំងមូល យើងនឹងឃើញស្នាមញញឹមរបស់ បងប្អូនជនជាតិខ្មែរនៅទីនោះ ប្រកបដោយអារម្មណ៍រំភើបរីករាយ។
ជាជនជាតិខ្មែរនៅទីនោះ មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្រោយបានទទួលផ្ទះថ្មី ហើយបានចែក រំលែកក្តីរីករាយថា៖ «ពីមុនគ្រួសារយើងរស់នៅក្នុងផ្ទះដែលមានសភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះ រដ្ឋអំណាចមូលដ្ឋាន និងស្ថាប័ននានាបានផ្តល់ថវិកាដល់ពួកយើងដើម្បីគាំទ្រ និងជួយអោយពួកយើង ខ្ញុំមានផ្ទះធំទូលាយ មានលំនឹងលែងទទួលរង “លេចធ្លាយ ដោយពន្លឺព្រះអាទិត្យនិងទឹកភ្លៀង” ដូចពីមុន។ គ្រួសារពួកយើងសប្បាយចិត្តណាស់ ហើយសន្យាថានឹងថែរក្សាផ្ទះថ្មី ព្យាយាមអភិវឌ្ឍមុខរបរគ្រួសារឱ្យបានល្អប្រសើរ។ ពួកយើងជានិច្ចកាលគោរពតាម គោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស ច្បាប់របស់រដ្ឋ ហើយនឹងរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឱ្យបានល្អ»។
កម្មវិធីនេះបានបង្ហាញពី ទស្សនៈស្របគ្នារបស់បក្សនិងរដ្ឋវៀតណាម លើបញ្ហាជនជាតិ គឺធានា សមភាពជនជាតិ សាមគ្គីភាព ការគោរព និងជួយគ្នាទៅវិញទៅមក និងអភិវឌ្ឍទាំងអស់គ្នា។ ឈរលើមូលដ្ឋាននេះ ប្រទេសជាតិ រដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់របស់វៀតណាម បានដាក់ចេញ និងអនុវត្តកម្មវិធីនិងគោលនយោបាយជាច្រើន ដោយផ្តោតលើការកាត់បន្ថយបន្តិចម្តងៗ នូវគម្លាត នៃកម្រិតនៃការអប់រំ និងកម្រិតជីវភាពរវាងក្រុមជនជាតិនានាក្នុងទឹកដីវៀតណាម ជាពិសេស គឺការកែលម្អនិងលើកកម្ពស់ ជីវភាពរស់នៅរបស់ពលរដ្ឋ លើផ្នែកសម្ភារៈ និងស្មារតី របស់គ្រប់ជនជាតិ ថែរក្សា និងលើកកម្ពស់ អត្តសញ្ញាណ វប្បធម៌ពិសេសរបស់ជនជាតិនីមួយៗ តស៊ូយ៉ាងម៉ឺងម៉ាត់ដើម្បីលុបបំបាត់ គំនិតរើសអើង និងបែងចែក ឯកភាពជាតិ ឬទាញយកផលប្រយោជន៍ពីបញ្ហាជនជាតិ ដើម្បីបង្កអស្ថិរភាព នយោបាយសង្គមប្រឆាំងនឹង ផលប្រយោជន៍ជាតិ និងប្រជាជន។
អនុវត្តសមភាព សាមគ្គីភាព ការគោរព និងជួយគ្នាទៅវិញទៅមក ក្នុងចំណោមជនជាតិនានា ដើម្បីរីកចម្រើនជាមួយគ្នា រួមចំណែកកសាងប្រទេស សំដៅឆ្ពោះទៅអនាគត ដែលគ្រប់ក្រុមជនជាតិ ដែលរស់នៅក្នុងទឹកដីវៀតណាម នឹងមានការអភិវឌ្ឍន៍ រីកចម្រើនរុងរឿង និង សុខសន្តិភាព៕