ព័ត៌មានជាតិ

នៅថ្ងៃស្អែកនេះ! ក្រសួងការងារនិងស្ថានទូត រួមទាំងភាគីពាក់ព័ន្ធនឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ជូនពលករកម្ពុជានៅប្រទេសថៃដែលមិនបានវិលមកស្រុកកំណើត

ភ្នំពេញ៖ដើម្បីផ្តល់ភាពរីករាយដល់ពលករ និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ហើយដែលមិនបានវិលត្រឡប់មកស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារESEA និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅថៃ”នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ។

ពិធីសង្ក្រាន្តឆ្នាំថ្មីនេះ នឹងធ្វើឡើងនៅទីលានបាល់ទាត់ ស៊ុបភើស្តារ អារីណា (Super Star Arena) ក្នុងទីក្រុងបាងកក ប្រទេសថៃក្រោមអធិបតីភាពលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក​ ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។

ការប្រារព្ធសង្ក្រាន្តឆ្នាំថ្មីលើទឹកដីថៃនេះ មានគោលបំណងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងផ្តល់ភាពកក់ក្តៅនិងសប្បាយរីករាយដល់បងប្អូនពលករ ពលករ និស្សិត និងពលករដ្ឋខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ព្រមទាំងលើកស្ទួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីនិងសាសនារបស់ខ្មែរ។

នៅថ្ងៃស្អែកនេះ នឹងមានពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាព។ បន្ថែមពីនេះ កម្មវិធី ក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម សម្លរខ្មែរ នំបញ្ចុក ដើម្បីអោយបងប្អូនចូលរួមបានភ្លក់និងពិសារដោយសេរី។

ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ និងអ្នកចូលរួមទាំងអស់នឹងបានចូលរួមកំសាន្តជាមួយនឹងការប្រគុំតន្ត្រីខ្នាតធំដែលមានតារាចម្រៀងល្បីៗពីប្រទេសកម្ពុជាចូលរួមសម្តែងជូនបងប្អូនខ្មែរទស្សនាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីយើង៕

To Top