ព័ត៌មានជាតិ

ខេត្តកំពង់ចាម បើកព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្ស និងបើកការប្រកួតគុនខ្មែរ ខណៈពេលដែលភ្ញៀវមកលេងកំសាន្ត នៅថ្ងៃទី១ ប្រមាណជាង ៨ម៉ឺននាក់

កំពង់ចាម ៖ នៅយប់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ខ្សែបូរណ៍ បើកព្រឹត្តិការណ៍តន្ត្រីខ្នាតយក្ស និងការប្រកួតប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរ ពិធីសង្ក្រាន្តខេត្តកំពង់ចាម នៅទីលានកោះពេជ្រ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

សូមជម្រាប ផងដែរថា ក្នុងឱកាសថ្ងៃចាប់ផ្ដើមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ថ្ងៃទី១ នេះ គេសង្កេតឃើញថា នៅតាមរមណីយដ្ឋាន និងកន្លែងកំសាន្តនានា មានភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិ មកលេងកម្សាន្តសប្បាយ នៅគ្រប់ទីកន្លែង ដែលអាជ្ញាធរខេត្ត បានរៀបចំ  ។

បើតាម លោក ស៊ាន សុគន្ធ ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឱកាស ចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំ២០២៤ នាថ្ងៃសៅរ៍ ០៥កេីត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅ ក្នុងខេត្តកំពង់ចាម សរុបមានចំនួន ៨១.៥៨២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៨១.៤៧៧នាក់ និងភ្ញៀវបរទេស មានចំនួន ១០៥នាក់ផងដែរ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ផងដែរថា ចំពោះ កិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តវិញ គឺពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ កត្តាទាំងនេះ គឺដោយសារការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើង ដើរលេងកម្សាន្ត ប្រកបដោយក្តីសប្បាយរីករាយ៕

To Top