ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៅលើបុរីវប្បធម៌កោះសំពៅមាស

ពោធិ៍សាត់:លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកស្រីអាំង សុជាតា ខូយ រីដា នៅល្ងាចថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្នីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរោងឆស័កពស ២៥៦៨ គស ២០២៤ ត្រូវនឹងថ្ងៃទី ១៣-១៦ ខែ មេសា ឆ្នាំ ២០២៤ ដោយពិធីនោះបានធ្វើឡើងនៅលើបុរីវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ដោយកត្តាប្រទេសជាតិរបស់យើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ថ្ងៃនេះលោកពិតជាមានសេចក្តីសោមនស្សរីករាយជាពន់ពេកដោយបានចូលរួមជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោងឆស័កពស ២៥៦៨ គស ២០២៤ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តពោធិ៍នាពេលនេះ។លោកសូមទទួលស្វាគមន៍យ៉ាងរាក់ទាក់ និង កក់ក្តៅបំផុតចំពោះវត្តមានលោក លោកស្រីមន្ត្រីរាជការ និង កងកម្លាំង ព្រមទាំងប្រជាពលរដ្ឋ និង វិស័យឯកជននានាដែលបានចំណាយពេលដ៍មានតម្លៃអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះយ៉ាងច្រើនកុះករដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើង។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍សូមកោតសរសើរចំពោះអាជ្ញាធម៌ស្រុក ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត ទីវត្តអារ៉ាម គ្រឹះស្ថានសិក្សាសាធារណះ និង ឯកជនដែលបានរៀបចំកម្មវិធីសង្ក្រាន្តដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។

លោកអភិបាលខេត្តក៍សូមជួនពរអោយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្តពោធិ៍សាត់សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ហើយសូមអោយប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយ និង ល្បែងកំសាន្តនានានៅលើបុរីវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ និង នៅតាមទីកន្លែងផ្សេងៗទៀតអោយបានច្រើនកុះករ៕

To Top