ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំការលេងល្បែង ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នាថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៤ នៅរមណីយដ្ឋានវត្តភ្នំ ។
ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងដាក់រូបសត្វនាគ ធ្វើពីឫស្សីតំណាងឲ្យរោង និងមានកន្លែងតាំងពិព័រណ៍ផងដែរ។
ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទស្សនាតាមទីតាំងស្តង់ទំនិញជាច្រើន រួមមាន របាំត្រុដ ការពូនភ្នំខ្សាច់ ទាញព្រ័ត្រ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បង្កើតសង្គ្រាន្តវត្តភ្នំ រួមទាំងមានការតុបតែងលំអរជុំវិញរមណីដ្ឋានវត្តភ្នំ,តាមដងវិថី,មហាវិថីនិងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យិមានការលេងល្បែងរបាំប្រជាប្រិយ៏ខ្មែរ ច្រើនទំរង់ ការប្រគុំតន្រ្តីរួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានយ៉ាងល្អ ស្របតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធ៏មជាតិដ៏ល្អផូរផង់,ការទាក់ទាញភ្ញៀវទេសចរ ឲ្យិចូលមកទស្សនាកំសាន្តនៅរាជធានីភ្នំពេញ ។
ជាមួយគ្នានោះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រជាពលរដ្ឋយើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាព ពេញលេញ មានស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាពគឺ សម្តេចតេជោ ហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧នៃរដ្ឋសភា ដែលបានធ្វើអោយកម្ពុជា បោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើអោយកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕