ព័ត៌មានជាតិ

សម្ដេចធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី១៧ មេសា បញ្ជាក់ថា អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី ធុជ​ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្តាប់ និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាអំពី សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈម ជាសកលដែលកំពុង កើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

To Top