កំពង់ចាម ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូអមដំណើរ និងក្រុមការងារជាច្រើនទៀត ចូលរួមប្រារព្ធពិធីស្រង់ព្រះ នៅវត្តគិរីវនារាម ហៅវត្តស្ទឹងត្រង់ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បើតាមលោកតាអាចារ្យ នៅវត្តស្ទឹងត្រង់បានមានប្រសាសន៍ឲ្យដឹងថា ពិធីស្រង់ព្រះ ច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលត្រូវនឹងថ្ងៃឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

ពិធីនេះផងដែរ មានពុទ្ធបរិស័ទ ទាំងជិតឆ្ងាយតែងតែមកវត្តអារាម នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញី ទឹកអប់ដើម្បីស្រោចស្រព ដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរ លោក មានជំនឿ តៗគ្នាយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ កាត់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗ ចោល ហើយយើងសាងនូវកុសលថ្មី។

លោកតាអាចារ្យបានបញ្ជាក់ថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ ព្រះរស់នេះហើយ គឺជាព្រះដែលតែងតែនៅក្បែរមើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មា ដូច្នេះគួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឲ្យសោះ ៕






