ព័ត៌មានជាតិ

សម្តេចធិបតី​ ទទួលយកការសូមទោស របស់លោក​ គង់​ សភា​

ភ្នំពេញ៖​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បាន​ប្រកាសទទួលយកការសូមអភ័យទោស​ របស់លោក​ គង់​ សភា​ ខណៈ​សម្តេចថា កំពុងរៀបចំឱ្យបានវិលមកកម្ពុជាវិញ ។

យោងតាមបណ្តាញសង្គម នាថ្ងៃទី១៨ មេសានេះ សម្តេចធិបតី បានលើកឡើងថា “ជូនចំពោះលោក គង់ សភា ។ ខ្ញុំបានទទួលរួចហើយ នូវលិខិតសូមអភ័យទោសរបស់លោក។ ខ្ញុំសូមស្វាគមន៍លោក”។

ក្នុងនោះដែរសម្តេចបានបញ្ជាកថា សម្តេចនឹងចាត់ចែងតាមនីតិវិធីដើម្បី លោក គង់ សភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នា នៅពេលខាងមុខ ។

សូមរំលឹកថា យោងតាមលិខិតស្នើសុំ អន្តរាគមន៍លើកលែងទោស របស់លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង គោរពជូនសម្តេចធិបតី បានលើកឡើងថា “ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្ដាយ ដែលរាល់ទង្វើ និង សកម្មភាពមួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា”។

លោក គង់ សុភា បានបញ្ជាក់ថា “ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន “។

ជាមួយគ្នានេះ លោកក៏បានស្នើសុំ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ថ្វាយអង្គ ព្រះមហាក្សត្រ ដើម្បីទ្រង់ផ្ដល់សេចក្តីសណ្តោស និងប្រោសប្រទាន ការលើកលែងទោសរបស់ខ្លួន ឱ្យបានរួចផុតពីទោស ដែលតុលាការបានផ្តន្ទានាពេលកន្លងមក ព្រមទាំងទម្លាក់ចោល​ នូវបទចោទប្រកាន់ទាំងឡាយ ដែលមានជាធរមានផងដែរ ៕

To Top