ព័ត៌មានជាតិ

បទអត្ថាធិប្បាយ ៖ ស្វែងយល់ពីការ លេងចាក់ទឹក នៅកម្ពុជា និងចិន ក្នុងបុណ្យចូលឆ្នាំ

នៅកម្ពុជា ការលេងជះទឹក មានតាំងពីយូរយាណាស់មកហើយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រៀងរាល់ពាក់កណ្តាលខែមេសា ហើយបានបន្តលេង រហូតមកដល់ឆ្នាំ២០២៤នេះ ។ សម្រាប់កម្ពុជា ប្រពៃណីដ៏សំខាន់ គឺនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប នៅវត្តអារ៉ាម។ កូនៗ ក៏បានមុជទឹក ជូនឱពុក ម្តាយ តាយាយ ហើយនៅតាមតំបន់ រមីយដ្ឋាននានា មានការលេងទឹក ជាពិសេស ពីសំណាក់យុវជន ។

លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ថា ការលេងជះទឹកនៅកម្ពុជា មានតាំងពីយូរលង់ណាស់មក តាំងពីសម័យអង្គរមកម្ល៉េះ ដោយយោងលើ ពិធីស្រង់ព្រះរបស់អ្នកស្រុកអង្គរ ។

រីឯប្រទេសចិនវិញ ក៏មានមានពិធីជះទឹក នៅចំពេលនឹងពិធីបុណ្យ ចូលឆ្នាំខ្មែរផងដែរ រហូតមកដល់ឆ្នាំ២០២៤នេះ ក៏នៅតែមានលេង ។ ការលេងទឹកទាំងនៅកម្ពុជា និងនៅចិន ក្នុងគោលបំណងសំខាន់ ដើម្បីបណ្តេញឧបទ្រុបចង្រៃ និងនាំមកវិញ នូវសំណាងល្អ ក្នុងជីវិត ។

សម្រាប់កម្ពុជា ការលេងទឹកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ មានគ្រប់បណ្តារាជធានីខេត្ត ក្នុងនោះ គ្រាន់តែនៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ មានមនុស្សប្រមាណ ១,៣លាននាក់ មានទាំងទេសសចរជាតិ និងអន្តរជាតិ បានចូលរួមលេងសប្បាយ ក្នុងឱកាសពិធីបុណ្យ បួនថ្ងៃ ដោយភាគច្រើនបានចូលរួមលេងទឹកយ៉ាងផុលផុស នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

នៅចិន គេលេងបុណ្យនេះ នៅមណ្ឌលស្វយ័តជនជាតិ តៃ (Dai) ស៊ីស័ងប៉ាណា (Xishuangbanna) នៃខេត្ត យូណាន ប្រទេសចិន ហើយនៅឆ្នាំ២០២៤នេះ គេលេង ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមេសា នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ។ និស្សិតខ្មែរ បានចូលរួមលេងពិធីបុណ្យស្រោចទឹក នៅស៊ីស័ងប៉ាណា បាននិយាយថា គេបានលេងទឹកនៅទីនោះ នឹកដល់ស្រុកខ្មែរណាស់ ហើយមានអារម្មណ៍កក់ក្តៅ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ដដែល ។

និស្សិត ទឹម ជីវ័ន បាននិយាយថា លោកមានសេចក្តីសោមនស្សរីករាយក្នុងការស្វែងយល់ពីប្រពៃណីពិធីបុណ្យនៅទីនោះ ឱ្យមានភាពស្រដៀងគ្នា ទៅនឹងការលេង នៅកម្ពុជាដែរ។

បើតាម Xinhua បានឲ្យដឹងថា អំឡុងពិធីបុណ្យនេះ ទឹកត្រូវបានចាត់ទុកថា ជានិមិត្តរូប នៃលាភសំណាង ហើយមនុស្សបានប្រោះទឹកដាក់គ្នាទៅវិញទៅមក ដើម្បីជូនពរឲ្យមានសុភមង្គល និងសំណាងល្អ ។

បើយោងតាមប្រភពពីអ្នកចូលរួមលេងផ្ទាល់ នៅស៊ីស័ងប៉ាណា ហើយបានបង្ហោះសារ តាមបណ្តាញសង្គម បង្ហាញឲ្យឃើញថា ការលេងទឹកនេះ ក៏ដោយសារតែការរស់នៅបណ្តោយ ដងទន្លេឡានឆាង មេគង្គ ហើយមិនត្រឹមតែមានការលេងទឹក ប៉ុន្តែ ក៏មានពូនភ្នំខ្សាច់ ដូចនៅក្នុងពិធីបុណ្យ ចូលឆ្នាំខ្មែរដែរ ។

«ប្រជាជនខ្មែរ និង ប្រជាជនចិនពិតជាបងប្អូន ដែលផឹកទឹកពីទន្លេតែមួយ ហើយទំនៀមទម្លាប់ចូលឆ្នាំថ្មី ក៏ស្រដៀងគ្នាខ្លាំងណាស់» នេះបើតាមគណនី ហ្វេសបុក ឈ្មោះថា «About ឈីឈី»។ អ្វីជាការកត់សម្គាល់ សូម្បីតែរដ្ឋមន្ត្រីក្រសួងអប់រកម្ពុជា ក៏បានចាប់អារម្មណ៍ ចូលទៅ comment ក្នុងផេកមួយនេះផងដែរ ដោយសរសើរ ពីការស្លៀកពាក់របស់ជនជាតិ តៃ ។

ជនជាតិចិន ប៉ុន្តែអាចប្រើប្រាស់ភាសាខ្មែរបាន គឺកញ្ញា (ចូវ សៅហុង) Zhou Shaohong និងមានឈ្មោះជាភាសាខ្មែរថា ចិន្តា ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ដែរថា ការលេងទឹក របស់ជនជាតិតៃ ក៏ជាឱកាសជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ហើយជនជាតិខ្មែរ នៅទីនោះ ក៏អាចមានឱកាសចូល រួមលេងបានដែរ បើទោះបីជាមិនបានមកលេង នៅស្រុកខ្មែរ ក៏ដោយ ។
«យើងអាចចាក់ទឹក ដើម្បីឲ្យយើងទាំងអស់គ្នា មានសុភមង្គល មានសុខភាពល្អ»។

កញ្ញាថា ជនជាតិតៃ ក៏ចាត់ទុកបុណ្យចាក់ទឹក ក៏ជាបុណ្យចូលឆ្នាំថ្មី របស់ពួកគេដែរ ហើយកញ្ញាក៏សង្ឃឹមថា ប្រជាជនខ្មែរ អាចទៅស្វែងយល់ និងអបអរពិធីបុណ្យនេះ នៅស៊ីស័ងប៉ាណា ឬ ប្រជាជននៅស៊ីស័ងប៉ាណា អាចមកលេងបុណ្យចូលឆ្នាំថ្មី នៅកម្ពុជាដែរ ដើម្បីបានស្វែងយល់ និងអបអរសាទរ ដូចគ្នា ៕

To Top