ព័ត៌មានជាតិ

លោក​ ហេង សួរ ជួបផ្ទាល់ជាមួយពលករខ្មែរ តាម​ប្រព័ន្ធវីដេអូ និងបានបញ្ជាក់ ពីការណែនាំ របស់សម្តេចធិបតី

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤​ បានខលតាមវីឌីអូ ជួបជាមួយបងប្អូន ពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅ ផ្ទះបណ្តោះអាសន្ន ក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មាន ដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រាបហើយនូវសារអំពាវនាវ របស់បងប្អូន ហើយក៏បានណែនាំ ដល់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មក ស្រុកកំណើតវិញ។

លោកបន្ថែមថា “ខ្ញុំពិតជាបានធូរស្បើយ ក្នុងចិត្តពេល បានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យ ឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាន និង កំពុងធ្វើដំណើរ ទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូន ដែលនៅតំបន់ផ្សេងទៀតផងដែរ” ។

រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើង យន្តហោះត្រឡប់ មកប្រទេសកម្ពុជាវិញ ។ ចំណែកបងប្អូន ដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរ ជាបន្តបន្ទាប់ ។ នេះបើតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីដដែល ៕

To Top