ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការជឿជាក់ថា ព្រឹទ្ធសភាអាណត្តិទី៥ នឹងដំណើការល្អ បន្ទាប់ពីសមាជិកព្រឹទ្ធសភា មកពីបក្សជំទាស់ (គណបក្សឆន្ទះខ្មែរ) ទាំង៣រូប បានចូលជួបសន្ទនាជាមួយសម្ដេច ប្រកបដោយភាពស្មោះត្រង់ស្និទ្ធស្នាល ប្រមាណជាង៣ម៉ោង កាលពីព្រឹកថ្ងៃ១៨ ខែមេសា ។
តាមរយៈគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតចំនួន៤សន្លឹកដោយភ្ជាប់នូវខ្លឹមសារថា «ព្រឹកមិញ១៨មេសា២០២៤ខ្ញុំជាមួយ អនុប្រធានទាំង២រូប បានជួបសន្ទនា ជាមួយឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ាឌី ឯកឧត្តម គង់ មុនីកាដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទះខ្មែរ។
សម្ដេចបញ្ជាក់ថា «ជាង៣ម៉ោងនៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ស្និទ្ធស្នាល គោរពគ្នាទៅវិញទៅមកធ្វើឲ្យ ខ្ញុំជឿជាក់ថា ព្រឹទ្ធសភានឹងដំណើការល្អ»។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សមាជិកព្រឹទ្ធសភា មកពីគណបក្ស ឆន្ទះខ្មែរ ទាំងបីរូប ក៏បានជូនពរគ្នាទៅវិញទៅមកក្នុង ឱកាសចូលឆ្នាំថ្មីដែលទើបកន្លងផុតទៅផងដែរ៕