ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំ ប្រមូលធាតុចូល ពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋាន សហគមន៍ សម្រាប់កម្មករ ឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិ ។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក (World Bank) បានធ្វើបង្ហាញ អំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋាន សហគមន៍ សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិតនិងកិច្ចសហការ និងការពិភាក្សា ជាមួយនិយោជក ដើម្បីសាងសង់ទារកដ្ឋាន សហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។

ក្រោយទស្សនាបទបង្ហាញ លោក រដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការចែករំលែកបទបង្ហាញ នៃការរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និង ធានាគារពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់ លើកិច្ចការបង្កើតទារកដ្ឋាន សហគមន៍នាពេលខាងមុខ។

ចំពោះកិច្ចការងារនេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធ បានដាក់ចេញនៅនិតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងការបង្កើត ទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារ បានជជែកពិភាក្សា ជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួន រួចមកហើយទាក់ទង នឹងការជួយជ្រោមជ្រែងលើកិច្ចការងារ បង្កើតទារកដ្ឋានសហគមន៍នេះ។

គូសបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍ សម្រាប់កម្មករនេះគឺ ជាអនុសាសន៍មួយក្នុងចំណោម អនុសាសន៍ទាំងដប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ៕




