ភ្នំពេញ ៖ លោក គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត សភាកម្ពុជាដែលជាអ្នកតាមដានស្ថានការណ៍ជាតិ និងអន្តរជាតិបានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅកម្ពុជា នៅថ្ងៃ២១ មេសា នាដើមសប្តាហ៍ក្រោយ របៀបវារៈនៃព្រែកជីកហ្វូណនតេជោ ក៏អាចលើកយកមកពិភាក្សាខ្លះៗផងដែរ។
លោក គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៨ មេសា ថា លោក វ៉ាង យីនឹងមានដំណើរទស្សនកិច្ចប្រទេសនៅឥណ្ឌូនេស៊ី ប្រទេសប៉ាពូគេនី និងកម្ពុជា ។ ដោយដំណើរទស្សនកិច្ចដ៏កម្ររបស់ប្រមុខការទូតចិនរូបនេះនៅកម្ពុជា ចាប់ពីថ្ងៃ២១ដល់២៣មេសា ក្រោយបញ្ចប់ជំងឺកូវីដមក គឺជាដំណើរទស្សនកិច្ចមួយដ៏ពិសេស នៅកម្ពុជាដែលនឹងរឹតតែផ្តោតបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនដែលមានស្រាប់ ខណៈនៅឆ្នាំ២០២៤នេះជាឆ្នាំផ្លាស់ប្តូរមិត្តភាពរវាប្រជាជននៃប្រទេសទាំងផងដែរ ។
សម្រាប់ករណីព្រែកជីកហ្វូណនតេជោដែលមានការ ចោទប្រកាន់ពីសំណាក់វៀតណាម ក៏ជាភាគីអាមេរិកថានឹងបម្រើផលប្រយោជន៍នោះ ត្រូវបានលោកគិន ភា ឆ្លើយតបថា “ដំណើរទស្សនកិច្ចលោកវ៉ាង យី នាថ្ងៃ២១ មេសាខាងមុខនេះ គឺមិនភ្ជាប់តែរបៀបវារៈ ព្រែកជីកហ្វូណនតេជោទេ ហើយក៏មិនចាំបាច់អ្វីត្រូវលាងជម្រះបញ្ហាចោទប្រកាន់ទាំងគ្មានមូលដ្ឋានរបស់វៀតណាម និងទាំងរបស់ភាគីអាមេរិកជុំវិញបញ្ហាស្ថាបនាព្រែកជីករបស់ប្រទេសកម្ពុជាដែលជារដ្ឋអធិបតេយ្យនោះទេ ។ ប៉ុន្តែយើងសង្ឃឹមថា នឹងការពិភាក្សាគ្នាខ្លះលើករណីព្រែកជីកនេះ”។
លោកថា ការពិភាក្សាលើព្រែកជីកនេះ ដោយសារកន្លងមក កម្ពុជាស្នើឲ្យមិត្តចិនពិនិត្យលទ្ធភាពលើការវិនិយោគ ព្រោះក្រុមហ៊ុនចិនជាអ្នកសាងសង់។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ ដែលមានសមត្ថភាពដឹកជញ្ជូនរហូតដល់ទៅ៣ពាន់តោន ហើយនឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ៕