ភ្នំពេញ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលេីកឡេីងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ច ដើម្បីកែលម្អយន្តការផ្តល់សេវាសាធារណៈ សេវាសន្តិសុខជាតិ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ ជាមួយការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព”។
ការលើកឡើងរបស់លោកអភិបាលរងរាជធានីភ្នំពេញ ខាងលេីនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្លាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជាកោណ ដំណាក់កាលទី១។
លោកបន្តថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ច ដើម្បីកែលម្អយន្តការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល សេវាសន្តិសុខ ជាតិ ដើម្បីរួមចំណែកថែរក្សា ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ សមធម៌សង្គម បរិយាបន្ន ជាមួយនឹងការចាត់តាំង អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” យ៉ាងល្អប្រសើរ ធានាប្រក្រតីភាព នៃជីវភាពសង្គមលើគ្រប់វិស័យ រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពន្លឿនការរអភិវឌ្ឍ និងបង្កើនទំនុក ចិត្តជូនដល់វិនិយោគិន ធុរជន ពាណិជ្ជករ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរនា
ជាក់ស្តែងក្នុងអំឡុងពេលរៀបចំការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទី៥ ក៏ដូចជា ព្រឹត្តិការណ៏ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកាលពីថ្ងៃទី១៣-១៦ មេសា ២០២៤ កន្លងទៅនេះមានភ្ញៀវ ទេសចរណ៏ចូលរួមលេងកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ មានភ្ញៀវជាតិប្រហាក់ប្រហែល ១.៣០២.៦៦៦នាក់ និង ភ្ញៀវទេសចរណ៏អន្តរជាតិ
ប្រហាក់ប្រហែល ១៨.៤៥៤នាក់ ដែលញាំងឲ្យបរិយាកាសក្នុងព្រឹត្តិការណ៏សង្ក្រាន្តឆ្នាំថ្មី ប្រកបដោយ បរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញដោយក្តីមោទនភាពបំផុត។
លោកអភិបាលរងរូបនេះ បន្តទៀតថា ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដែលផ្សព្វផ្សាយនាពេលនេះ គឺជាយន្តការទិសដៅថ្មីបន្ថែមទៀត ដែលជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយទៀត សម្រាប់ការដឹកនាំ ការ គ្រប់គ្រង និងការអនុវត្តកិច្ចការជាអាទិភាព សំដៅពង្រឹងការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើឱ្យ មានសង្គតិភាព រវាងយន្តការគាំទ្រដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងការអនុវត្តតួនាទី ភារកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់។
ជាមួយគ្នានេះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានលេីកឡេីងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើវិស័យអាទិភាពចំនួន៥ ពីមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣ ០ ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់ ។
លោកថា ដើម្បីធានាដល់ការបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្រសួងមហាផ្ទៃ បានរៀបចំផែនការយុទ្ធសាស្ត្រស្តីពី “ការលើក កម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយ សម្រាប់អនុវត្តពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ សំដៅចូលរួម ចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យសម្រេចបានគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់៕