ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យបង្កើនសមត្ថភាពសេវាសង្គ្រោះបឋម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត

រូបភាព ៖ ម៉ៅ ដារ៉ាត

សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យបង្កើនសមត្ថភាព ផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់បានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតី សម្ពោធអគារមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យសុខាភិបាល ឲ្យកាន់តែប្រសើរថែមទៀត គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីក ពេទ្យក្នុងតំបន់។

សម្ដេចធិបតីបន្ដថា រាជរដ្ឋាភិបាល នៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រ ពង្រីកពេទ្យតំបន់ឲ្យបានកាន់តែច្រើន និងប្រសើរថែមទៀត។

សម្ដេចធិបតី មានប្រសាសន៍ថា «កែលម្អឲ្យប្រសើរឡើងនូវគុណភាព ផ្ដល់សេវា តបតាមការរំពឹងទុករបស់ប្រជាជន ការបណ្ដុះបណ្ដាល និងបង្កើនសមត្ថភាព។ បង្កើនសមត្ថភាពផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ទោះបីជាយើងមានមន្ទីរពេទ្យបង្អែកនៅទីនេះក៏ដោយ ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមួយឆ្ងាយ ត្រូវការសមត្ថភាព ព្យាបាលបន្ទាន់នៅទីនោះ ដើម្បីព្យាបាលនៅនឹងកន្លែង»។

ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើនលទ្ធភាពជួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជំងឺលើសឈាម ទឹកនោមផ្អែម ជាពិសេសផ្ដោតទៅលើប្រជាពលរដ្ឋ គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំង បង្កើនបុគ្គល តាមមណ្ឌលសុខភាព ដើម្បីអាចមណ្ឌលសុខភាពនីមួយៗផ្ដល់សេវា ២៤ម៉ោង មួយថ្ងៃ ៧ថ្ងៃ មួយអាទិត្យ ជូនប្រជាពលរដ្ឋ៕

To Top