ភ្នំពេញ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងដោះស្រាយបន្ទាន់ ចំពោះការខ្វះទឹកស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងមូលដ្ឋាន។ ការចុះដោះស្រាយបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីបឹងបត់រកា ដែលធ្លាប់តែជា ប្រភពផ្គត់ផ្គង់ទឹកដ៏ធំមួយ នៅក្នុងស្រុកសំរោង បានជួបប្រទះនូវការរីងស្ងួត និងមិនទាន់មានការអនុញ្ញាតឱ្យស្ដារ។

លោក កេត ម៉ៅ បានឱ្យដឹងថា ស្រះទឹក (សុំពីឯកជន) ដែលជាដំណោះស្រាយ ដំណាក់កាលទី១នេះ មានបណ្ដោយប្រមាណ១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ ជម្រៅ៦ម៉ែត្រ ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹក សម្រាប់ប្រើប្រាស់បានរយៈពេលជាងកន្លះខែ តែប៉ុណ្ណោះ។ លោកអភិបាល ក៏បានឱ្យដឹងផងដែរថា ក្រៅពីស្រះទឹក (សុំពីឯកជន)នេះ ក៏នៅមានប្រភពទឹកផ្សេងទៀត ផងដែរ សម្រាប់ដោះស្រាយជាជំហានបន្តបន្ទាប់ ។

ជាមួយគ្នានេះ លោក កេត ម៉ៅ ក៏បានជំរុញម្ចាស់ស្ថានីយ៍ទឹកស្អាតបត់រកា ឱ្យពង្រាយប្រព័ន្ធទុយោ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីទាញយកទឹកស្រះ (សុំពីឯកជន) នេះ យកទៅចែកចាយដល់ បងប្អូនប្រជាពលរដ្ឋ ចំនួន៥ឃុំ ប្រើប្រាស់ជាបណ្ដោះអាសន្ន។

ដោយឡែកងាកមកបឹងបត់រកា ដែលកំពុងជួបប្រទះនូវការរីងស្ងួត ឯណោះវិញ លោក សយ សុភាព ក៏បានស្នើលោក អ៊ួច ភា អភិបាលខេត្តតាកែវ និងក្រសួងជំនាញ ពិចារណាអនុញ្ញាតឱ្យមានការស្ដា ខណៈសំណើរស្នើសុំស្ដា បានជាប់គាំអស់រយៈពេល៤ឆ្នាំ ទៅហើយ។
លោក សយ សុភាព បន្ថែមថា ទាក់ទងទៅនឹងស្តារបឹងបត់រកា ហាក់នៅវែងឆ្ងាយ ដោយរដ្ឋមន្ត្រីក្រសួងធនធាទឹកនិងឧត្តុនិយម លោក ថោ ជេដ្ឋា បានចាត់បញ្ជូនទៅពិនិត្យរួមហើយ តាមសំណើររបស់ម្ចាស់ផលិតទឹកស្អាត។ ប្រសិនបើរដ្ឋមន្ត្រី ពិនិត្យឃើញថាបឹងបត់រកា ត្រូវតែស្តារមែននោះ អនាគតអ្នកស្រុកសំរោង ចំនួន៥ឃុំ នឹងលែងកង្វល់ខ្វះទឹកហើយ។


តាមការពិនិត្យជាក់ស្តែង អាជ្ញាធរស្រុក ព្រួយណាស់ នូវកង្វះទឹកស្អាត សម្រាប់ផ្គត់ផ្គង់នៅមូលដ្ឋាន របស់ខ្លួនផ្ទាល់។
លោក សយ សុភាព បានលើកឡើងនូវទស្សនៈ របស់មជ្ឈដ្ឋានខាងក្រៅ បាននិយាយថា ពេលពួកគាត់មកនៅរស់ នៅមូលដ្ឋានផ្ទាល់ ទើបស្វែងយល់ថាការចង់បានអ្វី មិនស្រួលដូចយើងគិតទេ ការរកថវិកាមកធ្វើអ្វី១ វាលំបាកណាស់ទៅហើយ តែទៅសុំដែកកេះអុចបារីជក់ ពីខាងលើវារិតតែលំបាកខ្លាំងជាងនេះ ឆ្ងាយណាស់លេសមិនចេះចប់ ធ្វើឱ្យយើងធុញ។

លោក សយ សុភាព គួសបញ្ជាក់ថា «អ្នកលំបាក គឺប្រជាជន និង ថ្នាក់ដឹកនាំកំពូលរបស់ជាតិ» ៕


