ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវមានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុម អ្នកជំនាញអង្គការសហប្រជាជាតិ (UN) ថ្មីៗនេះដោយ បានចោទប្រកាន់កម្ពុជាថា “មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស”។
តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្ថានបេសកកម្មអចិន្ត្រៃយ៍សូម ផ្តល់នូវការសង្កេតមួយចំនួន ដូចជា៖ ការចោទប្រកាន់ថា កម្ពុជា “បំពានសិទ្ធិសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំ ដោយសន្តិវិធី ដូចដែលត្រូវបានធានាដោយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ (ICCPR)” គឺជាការភ័ន្តច្រឡំ ដែលនាំឱ្យមានការយល់ខុសទាំងស្រុង មិនឆ្លុះ បញ្ចាំងពីតថភាពលម្អពលរដ្ឋ និងនយោបាយនៅកម្ពុជា។ សិទ្ធិមនុស្ស រួមទាំងសេរីភាព បញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី មិនមែនជាសិទ្ធិដាច់ខាតនោះទេ។
ប្រភពដដែលបន្ដថា សិទ្ធិសេរីភាពទាំងអស់នេះត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវ និងដែន កំណត់ចែងដោយច្បាប់ ដូចមានកំណត់នៅក្នុងបញ្ញត្តិមាត្រា ១៩ (៣) មាត្រា ២១ និង មាត្រា ២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ និងមាត្រា ១៩(២) នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។ ការខកខានមិនបានបញ្ជាក់ ឱ្យបានច្បាស់ដោយចេតនា មិនត្រឹមតែបង្កឱ្យសាធារណៈជនមានការភ័ន្តច្រឡំតែ ប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចិត្តឱ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការកេង ចំណេញពីស្ថានភាពនេះសម្រាប់របៀបវារៈនយោបាយលាក់កំបាំងរបស់ពួកគេ៕