ព័ត៌មានជាតិ

Update៖ មនុស្សតិចបំផុត៨៧នាក់ស្លាប់ និង៨២នាក់ រងរបួសនៅក្នុងអំឡុងពេលមានព្យុះ ភ្លៀងកើតឡើងនៅប៉ាគីស្ថាន

Xinhua

ឥស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានឲ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្សចំនួន៨៧នាក់បានស្លាប់ និងចំនួន៨២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧបទ្ទវហេតុដែលបង្កឡើងដោយភ្លៀងធ្លាក់ដាច់ដោយឡែកពីគ្នាក្នុងប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបន្តធ្លាក់ចុះ និងបានបង្កការបំផ្លិចបំផ្លាញនៅផ្នែកខ្លះនៃប្រទេសនេះ ។

អាជ្ញាធរ NDMA បានឲ្យដឹងថា ភ្លៀងបានធ្វើឱ្យខូចខាតមួយផ្នែក ឬទាំងស្រុងនៃផ្ទះចំនួន២.៧១៥ខ្នងនៅទូទាំងប្រទេស ដោយបានបន្ថែមថា មនុស្សភាគច្រើនបានស្លាប់នៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងការដួលរលំរចនាសម្ព័ន្ធ រន្ទះបាញ់ និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ។

យោងតាមអាជ្ញាធរខាងលើបានឲ្យដឹងថា ការខូចខាត និងជនរងគ្រោះភាគច្រើនត្រូវបានគេរាយការណ៍ថា មកពីខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យរបស់ប្រទេស ដែលមានមនុស្សចំនួន៣៦នាក់បានបាត់បង់ជីវិត និងចំនួន៥៣នាក់ផ្សេងទៀតបានរងរបួសដោយសារភ្លៀងធ្លាក់ចុះខ្លាំង បន្ទាប់មកខេត្ត Punjab ស្ថិតនៅភាគខាងកើត ដែលត្រូវបានគេរាយការណ៍ថា មានមនុស្សស្លាប់ចំនួន២៥នាក់ និងរបួសចំនួន៨នាក់ ។

អាជ្ញាធរ NDMA បានឲ្យដឹងផងដែរថា មានមនុស្សចំនួន១៥នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងខេត្ត Balochistan ស្ថិតនៅភាគនិរតី ខណៈដែលមនុស្សចំនួន១១នាក់បានស្លាប់ និងចំនួន១១នាក់ផ្សេងទៀតបានរងរបួសដោយសារតែភ្លៀងធ្លាក់ចុះខ្លាំងនៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថានក្នុងអំឡុងពេលនោះដែរ ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top