ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានដុតកម្ទេចបំណែកសាច់ចំនួន ២ករណី ស្មើនឹង ៧ ៥៩៥ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឲ្យខូចគុណភាពមិនអាចប្រើប្រាស់បាន ។
ក្នុងប្រតិបត្តិការនេះ ខាងគយ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះបង្ក្រាប ក្នុងករណី ២ផ្សេងគ្នា៖ ករណីទី១៖ បំណែកសាច់មាន់និងគ្រឿងក្នុងមាន់ចំនួន ៣៩៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀង ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមមាត់ច្រកអន្តរជាតិដូង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
ករណីទី២៖ កោះមាន់និងជើងទាចំនួន ៧ ២០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ៕