ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានឲ្យលើកឡើងថា គម្រោងរបស់សមាជិកគណបក្សកម្លាំងជាតិជួបជុំគ្នានៅចុងខែនេះ ដើម្បីសម្តែងមតិដោយសន្តិវិធី នៅលើទីលានប្រជាធិបតេយ្យក្បែរស្ពានឬស្សីកែវ ដើម្បីឲ្យរាជរដ្ឋាភិបាលដោះលែងសមាជិកខ្លួន២នាក់ គ្មានអ្នកណាមានសិទ្ធិនោះទេ ព្រោះអ្វីៗគឺជាឆន្ទានុសិទ្ធិរបស់តុលាការដែលជាអ្នកសម្រេចប៉ុណ្ណោះ។
លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២២ មេសាថា គ្មានអ្នកណាមានសិទ្ធិទៅបង្គាប់បញ្ជាលើប្រព័ន្ធតុលាការនោះទេ គឺមានតែតុលាការខ្លួនឯងប៉ុណ្ណោះ ។
លោកថា “ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសច្បាប់ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ មានតែស្ថាប័នរបស់តុលាការទេ ដែលជាអ្នកសម្រេចថា បុគ្គលហ្នឹងមានទោសឬគ្មានទោស ហើយមានទោសកម្រិតណាគឺតុលាការ គ្មានបុគ្គលណាផ្សេងឬក្រុមណាមួយ អាចមកទាមទារដាក់សម្ពាធលើតុលាការឲ្យធ្វើតាមចិត្តរបស់ខ្លួនបានទេ”។
គណបក្សកម្លាំងជាតិ កាលពីថ្ងៃ១៨ មេសា បានចេញសេចក្តីប្រកាសមួយជួបជុំសមាជិក និងអ្នកគាំទ្រ ដើម្បីសម្ដែងមតិដោយសន្តិវិធី នៅទីលានប្រជាធិបតេយ្យរយៈពេល ៣ថ្ងៃជាប់គ្នានៅចុងខែមេសា ក្នុងគោលបំណងមទារឲ្យរាជរដ្ឋាភិបាលដោះលែងសមាជិករបស់ខ្លួន២នាក់ បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីមួយខែមុន។
ប៉ុន្តែសម្រាប់គម្រោងជួបជុំគ្នានេះ សាលារាជធានីភ្នំពេញ ក៏បានអញ្ជើញសមាជិកគណបក្សកម្លាំងជាតិមកពិភាក្សាផងដែរ ដោយមិនអនុញ្ញាតឲ្យមានការជួបជុំគ្នានោះទេ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មជ្ឈមមណ្ឌលព័ត៌មានដើមអម្ពិលថា ការជួបជុំដែលប្រាក់ចាកនឹងការសម្តែងមតិរបស់គណបក្សប្រឆាំងនេះ គឺពុំត្រូវបានអនុញ្ញាតនោះទេ ។
លោកសង្កត់ធ្ងន់ថា “គោលបំណងហ្នឹង គឺជាការដាក់សម្ពាធទៅស្ថាប័នតុលាការ វាផ្ទុយនឹងក្រមព្រហ្មទណ្ឌលេខ ៥២២ និង៥២៣ ។ យើងអត់ឲ្យ ព្រោះទីលានប្រជាធិបតេយ្យយើងឲ្យសម្តែងមតិមែន តែសម្តែងដែលផ្ទុយនឹងច្បាប់ យើងមិនឲ្យ” ។
ជាមួយគ្នានោះ អ្នកនាំពាក្យដដែលនេះ ក៏បានផ្តល់ជាយោបល់ទៅកាន់គណបក្សកម្លាំងជាតិថា ប្រសិនបើពាក់ព័ន្ធនឹងស្ថាប័នតុលាការ គួរណាទៅស្វែងរកមេធាវីពូកែ ដើម្បីតវ៉ាក្តីនៅតុលាការ មិនត្រូវប្រើវិធីផ្សេង មកដាក់សម្ពាធតុលាការបែបនេះទេ ៕