ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសបិទបញ្ចប់វិធានការរដ្ឋបាល កកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី២២ មេសា នេះបានឲ្យដឹងថា ករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គឺទទួលលទ្ធផលរដ្ឋបាលជាបន្តបន្ទាប់ឲ្យម្ចាស់ដីធ្វើ ការកកាយថ្មចេញពីទន្លេវិញនោះ គឺរដ្ឋបាលខេត្តបានធ្វើការចាត់ចែង ដឹកនាំ រៀបចំ និងតាមដានជាប់ ជាប្រចាំ តាមរយៈការចុះទៅដល់ទីតាំងផ្ទាល់ផង និងធ្វើការតាមដានរបាយការណ៍អនុវត្តរបស់ភាគី ម្ចាស់ដីផងដែរ។
ក្នុងនោះ ដំណើរការកកាយថ្មយកចេញវិញនេះ បានចាប់ផ្តើមពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ រហូតដល់ថ្ងៃទី ១២-មីនា-២០២៤ មានរយៈពេល ១៧ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏បានស្នើសុំកិច្ចសហការជាមួយ នឹងក្រសួងធនធានទឹក ហើយក្រសួងបានបញ្ជូនមន្ត្រីជំនាញ និងឧបករណ៍បច្ចេកទេស ថតវាស់ស្ទង់ផ្ទៃបាតទន្លេ នៅទីតាំងផ្ទាល់ ចំនួន២លើក ៖ លើកទី១ រកឃើញថានៅសេសសល់ថ្ម និងឲ្យកកាយយកចេញបន្តទៀត ហើយភាគីម្ចាស់ដីបានធ្វើការកកាយយកថ្ម ចេញបាន៣ប៉ុងតុងបន្ថែមទៀត។ លើកទី២ នៅ ថ្ងៃទី ២៣-មីនា-២០២៤ មន្ត្រីជំនាញបានបន្ត ចុះដល់ទីតាំងផ្ទាល់ និងបានប្រើឧបករណ៍ថតវាស់ស្ទង់ផ្ទៃ បាតទន្លេ និងបានបញ្ជាក់ថា ទីតាំងថ្មទាំងអស់ ត្រូវបានកកាយយកថ្មចេញរួចរាល់អស់ហើយ។
ដូច្នេះ រដ្ឋបាលខេត្តកំពង់ចាមគូសបញ្ជាក់ថា «សូមប្រកាសបិទបញ្ចប់វិធានការរដ្ឋបាល ស្តីពីការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ពីពេលនេះតទៅ និងសូមប្រគល់ទីតាំងនេះឲ្យ អាជ្ញាធរស្រុកស្រីសន្ធរ និងមន្ទីរជំនាញបន្តគ្រប់គ្រង និងធានាមិនឲ្យមានសកម្មភាពល្មើសនានាកើតមានទៀត នោះឡើយ»។
សូមបញ្ជាក់ថា កាលពីថ្ងៃ២ មករា ដើមឆ្នាំនេះ មានរូបភាពប៉ុន្មានសន្លឹកបានបង្ហាញពីសកម្មភាពចាក់ថ្មចូលទន្លេនេះ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤,៦ម៉ែត្រ ៕