ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនដឹកនាំការិយាល័បច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បណ្តាឲ្យជនបរទេស និងព្រះសង្ឃ របួសធ្ងន់ស្រាល ៥ អង្គ និងនាក់ ប្រសិនបើពិនិត្យឃើញ មានជាតិស្រវឹង នឹងត្រូវពិន័យជាប្រាក់ ទៅតាមច្បាប់ជាក់ស្តែង ។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បានបើកបររថយន្តម៉ាក Lexus RX 330 ពណ៌មាស ផ្លាកលេខ ភ្នំពេញ 2AG-0486 សង្ស័យក្នុងស្ថានភាពស្រវឹង ទៅបុករ៉ឺម៉ក ពណ៌ក្រហម អូសទាញ ដោយម៉ូតូ Honda Dream C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ ដែលដឹកព្រះសង្ឃ និងជនបរទេស បណ្ដាលឲ្យរបួសធ្ងន់ ស្រាល៥ អង្គ និងនាក់ នៅលើផ្លូវទៅប្រាសាទបន្ទាយសំរ៉ែ ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប វេលាម៉ោង ៥និង៣៨នាទី កាលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ថ្មីៗនេះ ។

ចំពោះករណីខាងលើនេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងនៅថ្ងៃ២២ មេសាថា មន្ត្រីមានសមត្ថកិច្ច បាននិងកំពុងធ្វើការទៅតាមជំនាញ ក្នុងការវាស់វែង ក៏ដូចជាពិនិត្យជាក់ស្តែង តាមនីតិវីធីរួចហើយ ។
លោក ទូច សុឃៈ បន្តថា “យោងតាមនីតិវិធី យោងតាមជំនាញ និងយោងតាមច្បាប់ គឺផ្នែកនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្តសៀមរាប លោកធ្វើកិច្ចការងារ របស់លោក តាមតួនាទីភារកិច្ចជំនាញ និងស្របតាមនីតិវីធីដែលកំណត់ដោយច្បាប់ ពោលគឺបានវាស់វែងកន្លែងកើតហេតុ ហើយបានកសាងសំណុំរឿងគ្រប់យ៉ាង ដោយរកឲ្យឃើញថា តើភាគីខាងណាជាអ្នកខុស ដើម្បីទទួលខុសត្រូវ”។

ក្នុងនោះ លោកអ្នកនាំពាក្យគូសបញ្ជាក់ថា “ចំពោះការស្រវឹង យោងតាមច្បាប់ចរាចរណ៍ ជាពិសេសគឺអនុក្រឹត្យ ១៣៩ គឺពិន័យជាប្រាក់ជាក់ស្តែង ។ បានន័យថា ត្រឹមតែពិន័យជាសាច់ប្រាក់ ចំពោះការបើកបរក្នុងស្ថានភាពស្រវឹង ហើយចូលទៅដល់កម្រិតដែលកំណត់ដោយអនុក្រឹត្យ”។
លោកថា “ដោយឡែកចំពោះរបួសស្នាមនោះ កំពុងត្រូវបានពិនិត្យថា តើចូលទៅក្នុងកម្រិតមួយដែលត្រូវបញ្ជូនសំណុំរឿងទៅកាន់តុលាការ ឬក៏កម្រិតមួយត្រឹមតែសម្របសម្រួល ផ្នែកសំណង ជួសជុលការខូចខាត សំណងជួសជុលផ្លូវចិត្ត ជាដើម”៕






