ព័ត៌មានជាតិ

ក្រសួងកសិកម្ម ចាត់ទុកផ្សោត ក្បាលត្រឡោក ជាសត្វដ៏កម្រ និងជារតនសម្បត្តិជាតិ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកផ្សោតក្បាលត្រឡោកគឺជាសត្វដ៏កម្រ និងជារតនសម្បត្តិជាតិ។

សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ ហើយអាចបង្កកំណើតចន្លោះពី ២ ទៅ ៣ឆ្នាំ ដោយផ្សោតញីត្រូវពពោះរយៈពេល ១៤ខែ កើតម្តង បានកូនតែ ១ក្បាលប៉ុណ្ណោះ។

យោងតាមក្រសួងកសិកម្ម នៅថ្ងៃ២២ មេសា ថា ផ្សោតក្បាលត្រឡោក មានទីជម្រកពីរខុសគ្នារវាងដែនទឹកសមុទ្រ និងទឹកសាប ហើយមានរូបរាងដូចគ្នា។ ប្រវែងដងខ្លួនរបស់វាទើបកើតមកមានប្រវែង ៩០-១០០សង់ទីម៉ែត្រ ពេញវ័យពី ២,៣២-២,៧ម៉ែត្រ និងកូនទើបកើតមានទម្ងន់ ១០-១២គីឡូក្រាម ខណៈពេញវ័យ ១៣០គីឡូក្រាម ។ ផ្សោតក្បាលត្រឡោក គ្មានចំពុះទេ មានក្បាលមាំរាងមូល ។ រីឯព្រុយខ្នងមានទំរង់ផ្សេងៗគ្នា។ ផ្នែកខាងខ្នង និងចំហៀងសង្ខាងមានពណ៌ប្រផេះចាស់ ឯពោះមានពណ៌ប្រផេះស្រាល។ ព្រុយចំហៀងមានទំហំធំវែងរាងដូចច្រវ៉ា។
 
ចំពោះការរស់នៅវិញសត្វ ផ្សោតប្រភេទនេះ តែងតែហែល និងក្រឡាប់ខ្លួនលើផ្ទៃទឹកយឺតៗ ហើយងើបដកដង្ហើមក្នុងបរិយាកាស រយៈពេលពី៧០ទៅ១៥០ វិនាទីម្តង។ សត្វផ្សោតប្រភេទក្បាលត្រ ឡោកញីអាចបន្តពូជបានចាប់ពីអាយុ ៧ឆ្នាំឡើងទៅ ។

សត្វផ្សោតប្រភេទនេះ ត្រូវបានឃើញមាននៅរស់នៅក្នុងក្រុងព្រះសីហនុ បណ្តោយឆ្នេរខេត្តកោះកុង (ចំណុចប្រសព្វរវាងទឹកប្រៃ-សាប)។

ស្ថានភាពអភិរក្ស ផ្សោតមេគង្គ ជាប្រភេទសត្វមានដោយកម្រ និង បានចុះបញ្ជីក្រហម IUCN (LR) ជាប្រភេទរងគ្រោះតិចតួច ប៉ុន្តែត្រូវបានចាត់ថ្នាក់ ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES ។ សត្វផ្សោតប្រភេទនេះ ងាយគ្រោះថ្នាក់ នៅពេលជម្រៅទឹកមានកម្រិតរាក់ខ្លាំង ដែលមិនបង្កលក្ខណៈ ឲ្យហែលចាប់ចំណីបាន ។ ជាពិសេសចំពោះផ្សោតទន្លេ កំពុងរងគ្រោះថ្នាក់ដោយសារ ជាប់សំណាញ់អ្នកនេសាទ និងការប្រែប្រួលជម្រៅ និងគុណភាពនៃទឹកទន្លេ ៕

To Top