ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការ រៀបចំពិធីរៀបចំជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
កិច្ចប្រជុំនាឱកាសនេះ ប្រារព្ធធ្វើឡើងដើម្បីពិនិត្យឡើងវិញ នូវរាល់កិច្ចការងារដែលអនុគណៈកម្មការនីមួយៗ សម្រេចអនុវត្តន៍បាន និងពន្លឿនកិច្ចការងារ ដែលនៅសេសសល់ អោយបានឆាប់រួចរាល់ ដើម្បីបង្ករភាពងាយស្រួល ដល់អ្នកសារព័ត៌មានចុះឈ្មោះ និងត្រៀមចូលរួមកម្មវិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៦ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ។
ដើម្បីធ្វើអោយកិច្ចការងារខាងលើនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការមួយដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការ រៀបចំពិធីជួបជុំរវាង សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើដំណើរការចាត់ចែង និងរៀបចំពិធីណែនាំ និងផ្តល់អនុសាសន៍ដឹកនាំ ដល់អនុគណៈកម្មការទាំងអស់ លើការអនុវត្តតួនាទី និងភារកិច្ច ដែលបានកំណត់ក្នុងការធ្វើយ៉ាងណា រៀបចំកម្មវិធីអោយបានល្អ និងប្រកបដោយសាមគ្គីភាព និងភាពសប្បាយរីករាយ ។
លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ គួសបញ្ជាក់ជូនថា ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នា នៃការប្រារព្ធទិវាសេរីភាព សារព័ត៌មានពិភពលោក។
លោក នេត្រ ភក្រ្ដា បានគួសបញ្ជាក់ទៀតថា ការសម្រេចជ្រើសរើសយក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេច របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេច របស់រាជរដ្ឋាភិបាលផងដែរ។
ក្រសួងព័ត៌មាន នឹងត្រៀមរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់នានាដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើ ក្នុងក្របខណ្ឌរួមមួយដើម្បីដាក់ជូន សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ពិនិត្យ និងដោះស្រាយ។
សូមរំលឹកដែរថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែមករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំ កម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាស ដល់អ្នកសារព័ត៌មាន អាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយ ដោះស្រាយ។ ជំនួបនេះ ក៏ជាការបង្ហាញ នូវការចូលរួមលើក កម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ។
គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៣នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៥លើក រួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាល នៃជម្ងឺកូវីដ-១៩ ប៉ុន្តែនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចអោយមានការរៀបចំ ពិធីជួបជុំឡើងវិញរវាង នាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន ជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៣ ខែឧសភា ចាប់ពីឆ្នាំ២០០៤ នេះតទៅ ៕