ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាត ឱ្យគណៈប្រតិភូរបស់ជប៉ុនមួយ ក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រង ក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ចូលជួបសំដែងការគួរសម ដើម្បីរាយការណ៍ស្តីពីវឌ្ឍនភាព នៃដំណើរការរៀបចំភូមិខ្មែរ នៅប្រទេសជប៉ុន។

ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈប្រតិភូ នៃក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS) ដែលជាអ្នកផ្តើម គំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋាន របស់ខ្លួនទៅជាទីតាំង ដែលមានសោភណ្ឌភាពជាខ្មែរដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណវិស័យឯកជនជប៉ុន ដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) ដើម្បីបង្ហាញពីសម្ភារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។

សូមបញ្ជាក់ថា លោករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំងដើម្បីពិនិត្យមើលការផ្តើមការសាងសង់។ ដើម្បីធ្វើឱ្យទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារមួយចំនួនដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិដែលរួមមានស្គរឆៃយ៉ាំ ទ្រ មុខស្វា មុខត្លុកជាដើម។

យ៉ាងណាក៏ដោយភាគីជប៉ុនបានលើកឡើងថា ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕



