ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះ បានដឹកនាំប្រតិភូ និងមន្ដ្រីជំនាញ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាព ប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

នៅស្រុកទឹកផុស លោករដ្ឋមន្ត្រីបានអញ្ជើញ ចុះពិនិត្យស្ថានភាពអណ្តូងស្នប់ទឹក ចំនួន២កន្លែង និងស្រះទឹកសហគមន៍មួយកន្លែង ដែលរីងស្ងួត ស្ថិតក្នុងឃុំក្រាំងស្គា និងស្រះទឹកសហគមន៍មួយកន្លែងទៀត ដែលគោករាក់ ស្ថិតក្នុងឃុំក្តុលសែនជ័យ ។

បន្ទាប់មកលោករដ្ឋមន្ត្រី បន្ដចុះពិនិត្យ ស្ថានភាពប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រើប្រាស់ របស់សហគមន៍ដែលរួមមាន អណ្ដូងលូ អណ្ដូងស្នប់ និងពាងយក្សស្តុកទឹកភ្លៀង នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលរស់ក្នុងភូមិសាស្ដ្រឃុំចំនួន ៤ ទៀត គឺឃុំខ្នាឆ្មារ ឃុំសេដ្ឋី ឃុំស្វាយ និងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។


លោក ឆាយ ឫទ្ធិសែន មានប្រសាសន៍ថា ការចុះពិនិត្យស្ថានភាព នៃប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រើប្រាស់នាពេលនេះ គឺដើម្បីឆ្លើយតបនឹងសភាពការណ៍ បច្ចុប្បន្នដែលពិភពលោកកំពុងជួបប្រទះ វិបត្តិនៃការប្រែប្រួលអាកាសធាតុ ក៏ដូចនៅក្នុងប្រទេសកម្ពុជា នាឆ្នាំនេះ ដែលអាកាសធាតុខែប្រាំងនេះ មានការកើនកម្តៅ ដែលជាការព្រួយបារម្ភ អំពីជួបប្រទះនូវភាពរាំងស្ងួតខ្លាំង អាចធ្វើឱ្យប្រជាពលរដ្ឋ នៅជនបទខ្វះខាតទឹកសម្រាប់ប្រើប្រាស់។
នាឱកាសចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង ក្នុងពេលនេះ លោករដ្ឋមន្ត្រី ក៏បានប្រគល់ជូនធុងស្តុកទឹក ចំនួន ៧៨ធុង ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅឆ្ងាយដាច់ស្រយាល ពីប្រភពទឹក ទុកសម្រាប់ប្រើប្រាស់ បណ្តោះអាសន្នផងដែរ។


សូមបញ្ជាក់ផងដែរថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការខ្វះខាតទឹកប្រើប្រាស់ របស់ប្រជាជនទូទាំងប្រទេស អាស្រ័យហេតុនេះ ក្រសួងក៏បានចេញសេចក្ដីណែនាំ ដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់ លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស៕








