ព័ត៌មានជាតិ

សម្តេចធិបតីមានជំនឿថា រំហូរវិនិយោគ និងអ្នកទេសចរចិននឹងមកកម្ពុជា កាន់តែច្រេីន

ភ្នំពេញ ៖ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិន នឹងកើនឡើងថែមទៀត ក្នុងប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យ លោក វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនោះដែរ លោករដ្ឋមន្រ្តី បានគោរពជម្រាបជូន សម្តេចធិបតី ថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ព្រមជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់។

លោករដ្ឋមន្រ្តី បានបន្ថែមថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ លោក រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់តែរឹងមាំ។

ជាការឆ្លើយតប សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនេះ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា «រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា»៕

To Top