ព័ត៌មានជាតិ

ចិន នឹងជំរុញច្រករបៀងមច្ឆា និងអង្ករ ឱ្យលេចចេញជារូបរាង ព្រមទាំងជួយធ្វើទំនើបកម្ម វិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា

ភ្នំពេញ ៖ លោក វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ភាគីចិន នឹងជំរុញបញ្ចប់ការ រៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីកិច្ចសហប្រតិបត្តិការ លើច្រករបៀងមច្ឆា និងអង្ករ លេចចេញជារូបរាង ក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា។

លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះ សម្ដេចធិបតី និងលោករដ្ឋមន្រ្តី វ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះ លោក វ៉ាង យី បានបញ្ជាក់ថា «ភាគីចិន នឹងជំរុញបញ្ចប់ ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ផងដែរ»។

ព្រមជាមួយគ្នានេះដែរ សម្តេចធិបតី បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត៕

To Top