ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលេីកឡេីងថា ការផ្សព្វផ្សាយព័ត៌មាន ដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ ឬប្រភេទរូបភាពផ្សេងទៀត ដូចជារូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សា យ៉ាងចំហរស្រស់ៗ ដោយមិនមានបិទបាំងត្រឹមត្រូវ តាមបទដ្ឋានវិជ្ជាជីវៈ ឬការរាយការណ៍ព័ត៌មាន ដោយអសីលធម៌ ខុសគន្លងវិជ្ជាជីវៈ គឺប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីសីលធម៌ល្អ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ព្រមទាំងប៉ះពាល់ ដល់សិទ្ធិឯកជនភាព និងតម្លៃរបស់អ្នកដទៃ។
ទាំងនេះសុទ្ធសឹងជាទង្វើ ដែលអ្នកសារព័ត៌មានមិនត្រូវធ្វើដាច់ខាត ព្រោះជាទង្វើប្រាសចាក ពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ។
លោក ទេព អស្នារិទ្ធ បានលេីកឡេីងទៀតថា គេបានសង្កេតឃើញទង្វើ បំពានក្រមសីលធម៌វិជ្ជាជីវៈ បានកើតឡើងជារឿយៗ ក្នុងសង្គមកម្ពុជា ទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន ដោយសារតែ ការធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់ ជាពិសេសគឺការអនុវត្តការងារ ដោយខ្វះការទទួលខុសត្រូវ មិនបានប្រកាន់ខ្ជាប់ នូវវិន័យការងារ ភាពថ្លៃថ្នូរក្នុងអាជីព និងការមិនគោរពក្រមសីលធម៌ ក្នុងចំណោមអ្នកសារព័ត៌មានមួយចំនួន។
អ្នកនាំពាក្យរូបនេះ បានមានប្រសាសន៍ គូសបញ្ជាក់ថា ទង្វើទាំងនេះ បានធ្វើឱ្យតម្លៃរបស់អ្នកសារព័ត៌មាន ដែលបានបំពានក្រមសីលធម៌នោះធ្លាក់ចុះ ហើយមិនតែប៉ុណ្ណោះ វាប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានផ្សេងទៀត ដែលជាអ្នកគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជះឥទ្ធិពលអាក្រក់ ដល់អាជីពសារព័ត៌មានទាំងមូលទៀតផង។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថាគ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ រួមទាំងអាជីពសារព័ត៌មានផង សុទ្ធតែមានក្រមសីលធម៌ ដែលអ្នកប្រកបអាជីពនោះ ត្រូវប្តេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម ព្រមទាំងលើកកម្ពស់តម្លៃវិជ្ជាជីវៈ។
លោក ទេព អស្នារិទ្ធ បានថ្លែងដោយសង្កត់ធ្ងន់ថា ក្នុងន័យនេះ អ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការចុះយក និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពនោះ ត្រូវផ្សារភ្ជាប់ ជាមួយនឹងទំនួលខុសត្រូវ កាតព្វកិច្ចជាអ្នកសារព័ត៌មាន និងការប្រតិបត្តិ តាមក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ។ សូមចងចាំថា អ្នកសារព័ត៌មានមានកាតព្វកិច្ចធានាថាការផ្សព្វផ្សាយរបស់ខ្លួន មិនបំពានសិទ្ធិបុគ្គល មិនបង្កព្យសនកម្ម មិនបង្ខូចកេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
ជាងនេះទៀត អ្នកសារព័ត៌មានមានទំនួលខុសត្រូវ ក្នុងការធានាថា ការផ្សព្វផ្សាយរបស់ខ្លួន មិនបង្កមហន្តរាយដល់សណ្តាប់ធ្នាប់សាធារណៈ មិនបង្កហានិភ័យប៉ះពាល់ ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិ។ អ្នកសារព័ត៌មានត្រូវគោរព ស្រលាញ់ ផ្តល់តម្លៃដល់អាជីពរបស់ខ្លួន និងចូលរួមការពារតម្លៃ អ្នកដែលប្រកបអាជីពដូចគ្នា ព្រមទាំងលើកតម្កើងវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ឱ្យកាន់តែរីកចម្រើន។
ដោយឈរលើស្មារតី នៃលទ្ធផលសិក្ខាសាលា ស្តីពីការតម្រង់ទិស លើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ រៀបចំដោយក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវ ដោយគូសបញ្ជាក់បន្ថែមថា ការគោរពក្រមសីលធម៌ ក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាន មានសារៈសំខាន់ណាស់ ដែលចាំបាច់ទាមទារ ឱ្យអ្នកប្រកបអាជីពសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ដាច់ខាត ក្នុងការអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃ ប្រកបដោយការទទួលខុសត្រូវ ដើម្បីជាមូលដ្ឋានរឹងមាំ ក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈ សារព័ត៌មាន និងកសាងបន្ថែម នូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕