ព័ត៌មានជាតិ

លោក វ៉ាង យី បញ្ជាក់ថា ថ្នាក់ដឹកនាំចិន មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា

ភ្នំពេញ ៖ សមាជិកការិយាល័យនយោបាយ និងជាប្រធាន ការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានបញ្ជាក់អះអាងថា ថ្នាក់ដឹកនាំចិន មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោកវ៉ាង យី ចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២២ មេសា ។

លោក វ៉ាង យី បានលើកសរសើរពីគុណសម្បត្តិរបស់សម្ដេចតេជោដែលមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការផ្ទេរអំណាចពីជំនាន់ចាស់មកកាន់ជំនាន់ថ្មី ដោយភាពរលូន។ ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ពីនាយករដ្ឋមន្ត្រីចិន លី ឈាង ពីប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំចិនដទៃទៀត។

លោក វ៉ាង យី សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី នឹងបន្តតួនាទី ក៏ដូចជាទំនាក់ទំនងល្អជាមួយចិនដែលថ្នាក់ដឹកនាំមុនៗបានថែរក្សា និងពូនជ្រុំនាពេលកន្លងមក។

លោក វ៉ាង យី ក៏បានកោតសរសើរ ចំពោះ ភាពរីកលូតលាស់យ៉ាងលឿន នៃទីក្រុងភ្នំពេញដែលក្នុង រយៈពេលតែជាង៨ខែកន្លងមកនេះ គឺមានការប្លែកច្រើន ហើយជីវភាពប្រជាជនក៏មានការរីកចម្រើនផងដែរ។

លោកថា អ្វីៗដែលកើតមានឡើងនេះ កើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចជាអ្នកនយោបាយមានចក្ខុវិស័យច្បាស់លាស់។ ដោយលោក វ៉ាង យី បញ្ជាក់ថា «ថ្នាក់ដឹកនាំចិន មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា»។

លោកមានប្រសាសន៍ថា ការផ្លាស់ប្ដូរពីជំនាន់ចាស់មកជំនាន់ថ្មីនេះ គឺបានដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយលោកសង្ឃឹមថា មិត្តភាពរវាង កម្ពុជានិងចិន និងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដគួរឲ្យទុកចិត្ត របស់កម្ពុជា។

លោកសន្យាថា ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលថ្មី គាំទ្រការពារសន្តិសុខជូនសម្ដេច និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មាន ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ជាពិសេស អ្វីដែលមានការព្រមព្រៀងគ្នា ពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ រឹងមាំនិងរីកចម្រើនបន្ថែមទៀត ។

សម្រាប់សម្ដេចតេជោវិញ ក៏បានអំណរគុណចំពោះ លោកវ៉ាងយី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ នៃប្រទេសចិន។

សម្ដេចមានប្រសាសន៍ ជំរុញឲ្យមានការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ៕

To Top